ពួកគេនឹងសុំឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កាត់សេចក្តីឲ្យពួកគេក្នុងរឿងមរត៌ក “សពគ្មានសាច់ញាតិ” ពោលគឺបុគ្គលម្នាក់បានស្លាប់ ហើយមិនបានបន្សល់ទុកឪពុកឬកូនម្នាក់ឡើយ។ ចូរអ្នកពោលចុះថាៈ អល់ឡោះនឹងបកស្រាយច្បាប់ស្តីពីបញ្ហាមត៌កសពគ្មានសាច់ញាតិនេះគឺ ៖ ប្រសិនបើបុគ្គលម្នាក់បានស្លាប់ដោយមិនបន្សល់ទុកឪពុកឬកូនណាម្នាក់ តែគេមានបងប្អូនស្រីបង្កើតម្នាក់ ឬបងប្អូនស្រីរួមឪពុកម្នាក់ ដូច្នេះ នាងត្រូវទទួលបានមត៌កពាក់កណ្តាលនៃទ្រព្យសម្បត្តិទាំងមូលដែលសពបានបន្សល់ទុកជាលក្ខណៈកំណត់ចំនួន។ ចំណែកឯបងប្អូនប្រុសបង្កើតម្នាក់របស់សព ឬបងប្អូនប្រុសរួមឪពុកម្នាក់វិញនោះ ត្រូវទទួលមត៌កទ្រព្យសម្បត្តិដែលសពបានបន្សល់ក្នុងលក្ខណៈមិនកំណត់ចំនួននោះឡើយប្រសិនបើគាត់គ្មានអ្នកដែលទទួលមត៌កជាមួយនឹងគាត់ដែលជាអ្នកទទួលមត៌កដោយកំណត់ចំនួនទេនោះ។ តែប្រសិនបើគាត់មានអ្នកដែលត្រូវទទួលមត៌កជាមួយនឹងគាត់ដែលជាអ្នកទទួលមត៌កដោយកំណត់ចំនួននោះ គឺគាត់ត្រូវទទួលបានមរត៌កដែលនៅសល់បន្ទាប់ពីនោះ។ ហើយប្រសិនបើសពនោះមានបងប្អូនស្រីបង្កើត ឬបងប្អូនស្រីរួមឪពុកលើសពីពីរនាក់ឡើងទៅ គឺសម្រាប់ពួកនាងត្រូវទទួលបានពីរភាគបីនៃមរត៌ក(ត្រូវទទួលរួមគ្នា)។ ប្រសិនបើសពនោះមានបងប្អូនបង្កើត ឬបងប្អូនរួមឪពុកច្រើននាក់ (មានទាំងប្រុស និងទាំងស្រី) ពួកគេត្រូវទទួលមរត៌កក្នុងលក្ខណៈមិនកំណត់ចំនួនផ្អែកលើគោលការណ៍ “សម្រាប់បុរសម្នាក់គឺទទួលបានចំណែកស្មើនឹងចំណែកស្ត្រីពីរនាក់”។ អល់ឡោះទ្រង់បញ្ជាក់ពីច្បាប់នៃមត៌ក“សពគ្មានសាច់ញាតិ”នេះ ក៏ដូចជាច្បាប់មត៌កផ្សេងៗទៀតដល់ពួកអ្នកដើម្បីកុំឲ្យពួកអ្នកវង្វេងក្នុងរឿងនេះ។ ហើយអល់ឡោះទ្រង់មហាដឹងនូវរាល់អ្វីៗទាំងអស់។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយ។