ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកបំពេញ(អនុវត្តន៍តាម)នូវរាល់កិច្ចសន្យាទាំងឡាយដែលពួកអ្នកបានចុះរវាងពួកអ្នកនិងអ្នកដែលបង្កើតពួកអ្នក(អល់ឡោះជាម្ចាស់) ហើយនិង(កិច្ចសន្យា)រវាងពួកអ្នកនិងម៉ាខ្លូករបស់ទ្រង់(មនុស្សលោក)។ ពិតប្រាកដណាស់ អល់ឡោះបានអនុញ្ញាតដល់ពួកអ្នក(ជាក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នក)អាចបរិភោគសាច់សត្វពាហនៈទាំងឡាយ(សត្វអូដ្ឋ គោ និងពពែ) លើកលែងតែអ្វីដែលគេហាមឃាត់(ពួកអ្នកមិនឲ្យទទួលទាន)ដែលគេនឹងសូត្រប្រាប់ដល់ពួកអ្នក និងលើកលែងតែអ្វីដែលគេបានហាមឃាត់ពួកអ្នកអំពីការបរបាញ់សត្វលើគោកក្នុងពេលដែលពួកអ្នកកំពុងតែស្ថិតក្នុងតំណមអៀសរ៉មហាជី្ជ ឬអុំរ៉ោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់កាត់សេចក្តីនូវអ្វីដែលទ្រង់មានចេតនាអំពីការអនុញ្ញាត និងការដាក់បម្រាម(អ្វីមួយ)ស្របទៅតាមគតិបណ្ឌិតរបស់ទ្រង់ ដោយគ្មាននរណាបង្ខិតបង្ខំទ្រង់នោះឡើយ ហើយក៏គ្មានអ្នកដែលប្រឆាំងជំទាស់ចំពោះការកាត់សេចក្តីរបស់ទ្រង់នោះដែរ។