Khmer Abridged Explanation of the Quran
5:3 - 5:3

អល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមហាមឃាត់ទៅលើពួកអ្នកមិនឲ្យបរិភោគសត្វដែលស្លាប់ដោយមិនបានសម្លេះ។ ទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យបរិភោគឈាមដែលហូរ(ចេញពីខ្លួនសត្វ) សាច់ជ្រូក និងសត្វដែលគេរំលឹកនាមម្ចាស់ផ្សេងក្រៅពីព្រះនាមអល់ឡោះនៅពេលសម្លេះ សត្វដែលស្លាប់ដោយថប់ដង្ហើម(ដោយត្រូវគេរឹតក) សត្វដែលស្លាប់ដោយការវាយ សត្វដែលស្លាប់ដោយសារការធ្លាក់ពីទីខ្ពស់ សត្វដែលស្លាប់ដោយមានសត្វមួយទៀតជល់នឹងស្នែង និងសត្វដែលត្រូវសត្វសាហាវហែកស៊ី ដូចជាសត្វតោ សត្វខ្លា និងសត្វចចក(មកហែកស៊ី)ជាដើម លើកលែងតែពួកអ្នកទៅទាន់វា ហើយវានៅរស់ក្នុងចំណោមសត្វដែលបានលើកឡើងខាងលើ ហើយពួកអ្នកបានសម្លេះវា គឺសត្វនោះត្រូវបានគេអនុញ្ញាត(ហាឡាល់)ឱ្យពួកអ្នកបរិភោគបាន។ ហើយគេហាមឃាត់ចំពោះពួកអ្នកផងដែរនូវសត្វដែលគេសម្លេះសម្រាប់សែនចំពោះបដិមាករ។ ហើយគេហាមឃាត់ចំពោះពួកអ្នកផងដែរក្នុងការស្វែងរកការទស្សន៍ទាយចំពោះរឿងអាថ៌កំបាំងដោយប្រើព្រួញផ្សងសំណាង វានោះគឺជាដុំថ្ម ឬព្រួញដែលគេសរសេរនៅលើវាថា “ចូរអ្នកធ្វើចុះ” និង “ចូរអ្នកកុំធ្វើឲ្យសោះ” ហើយគេធ្វើតាមលទ្ធផលដែលបានចេញមក(ពីការទស្សន៍ទាយនោះ ថាតើត្រូវធ្វើ ឬមិនត្រូវធ្វើទង្វើនោះ)។ ការធ្វើនូវប្រការដែលត្រូវបានហាមឃាត់ដែលបានលើកឡើងទាំងនេះ គឺជាការឃ្លាតចេញពីការគោរពប្រតិបត្តិអល់ឡោះជាម្ចាស់ហើយ។ នៅក្នុងថ្ងៃនេះ ពួកដែលគ្មានជំនឿបានអស់សង្ឃឹមក្នុងការបង្វែរពួកអ្នកឲ្យចេញពីសាសនាឥស្លាមនៅពេលដែលពួកគេបានឃើញភាពខ្លាំងក្លារបស់សាសនានេះ។ ហេតុនេះ ចូរពួកអ្នកកុំខ្លាចពួកគេឲ្យសោះ តែពួកអ្នកត្រូវកោតខ្លាចមកចំពោះយើងតែមួយគត់។ នៅក្នុងថ្ងៃនេះដែរ យើងបានបំពេញសាសនារបស់ពួកអ្នកឲ្យពួកអ្នក នោះគឺសាសនាឥស្លាម ហើយយើងបានបង្គ្រប់ឧបការគុណរបស់យើងចំពោះពួកអ្នកទាំងខាងក្រៅនិងខាងក្នុង ហើយយើងបានជ្រើសរើសសាសនាឥស្លាមធ្វើជាសាសនារបស់ពួកអ្នក។ ដូចនេះ យើងមិនទទួលយកសាសនាណាផ្សេងក្រៅពីសាសនាឥស្លាមនោះទេ។ ចំពោះជនណាដែលកាលៈទេសៈបង្ខំដោយសារភាពស្រេកឃ្លាន ហើយត្រូវបរិភោគសត្វស្លាប់ ដោយគេគ្មានបំណងប្រព្រឹត្តបាបកម្មទេនោះ ពិតប្រាកដណាស់ គឺគ្មានបាបកម្មចំពោះគេឡើយក្នុងការធ្វើដូច្នោះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។