បណ្តាមិត្តភក្តិរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងសួរអ្នកថាៈ តើអ្វីទៅដែលអល់ឡោះទ្រង់អនុញ្ញាតឲ្យពួកគេអាចបរិភោគបាននោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឆ្លើយប្រាប់ពួកគេថា៖ អល់ឡោះជាម្ចាស់ទ្រង់អនុញ្ញាតឱ្យពួកអ្នកនូវចំណីអាហារដែលល្អៗ និង(អនុញ្ញាត)ឲ្យបរិភោគសត្វទាំងឡាយដែលទទួលបានពីសត្វប្រមាញ់ក្នុងចំណោមពពួកសត្វដែលមានចង្កូមដែលត្រូវបានបង្វឹក ដូចជាសត្វឆ្កែនិងសត្វខ្លាជាដើម ហើយនិងសត្វដែលមានក្រញុំា ដូចជាសត្វស្ទាំងដែលពួកអ្នកបង្ហាត់វាឱ្យចេះចាប់សត្វតាមបែបបទដែលអល់ឡោះបានបង្រៀនពួកអ្នក រហូតដល់វាក្លាយទៅសត្វដែលចេះស្តាប់បង្គាប់នៅពេលគេប្រើវា ហើយវាឈប់នៅពេលដែលគេឲ្យវាឈប់។ ដូចនេះ ចូរពួកអ្នកបរិភោគចុះនូវអ្វីដែលសត្វប្រមាញ់ចាប់បានមកនោះ សូម្បីតែសត្វដែល(សត្វប្រមាញ់ទាំងនោះ)ចាប់បានមកនោះស្លាប់ហើយក៏ដោយ។ ហើយចូរពួកអ្នករំលឹកព្រះនាមរបស់អល់ឡោះ(សូត្រពិសមិលឡះ)នៅពេលដែលពួកអ្នកបញ្ជូនសត្វបង្វឹកឲ្យទៅប្រមាញ់នោះ។ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយត្រូវបញ្ឈប់រាល់បម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលជំនុំជម្រះទង្វើទាំងឡាយយ៉ាងឆាប់រហ័សបំផុត។