ដោយសារតែពួកគេបានក្បត់កិច្ចសន្យាដែលគេ(អល់ឡោះ)បានដាក់ទៅលើពួកគេនោះហើយ ទើបយើងបានបណ្តេញពួកគេឱ្យចេញឆ្ងាយពីក្តីមេត្តាករុណារបស់យើង ហើយយើងបានធ្វើឲ្យដួងចិត្តរបស់ពួកគេក្លាយទៅជារឹងរួសដែលប្រការល្អទាំងឡាយមិនអាចចូលទៅដល់វាបានឡើយ ហើយការផ្តល់ដំបូន្មានក៏គ្មានផលប្រយោជន៍អ្វីដល់វា(ដួងចិត្ត)នោះដែរ។ ពួកគេបានកែប្រែបន្ទូលរបស់អល់ឡោះចេញពីកន្លែងដើម(អត្ថន័យ)របស់វា ដោយការប្តូរពាក្យផ្សេងនឹងបន្ទូលនោះវិញ និងតាមរយៈការបកស្រាយអត្ថន័យរបស់វាឲ្យស្របតាមចំណង់ចំណូលចិត្តរបស់ពួកគេ ព្រមទាំងបានបោះបង់ចោលការអនុវត្តប្រការមួយចំនួននូវអ្វីដែលគេបានលើកឡើងនឹងវា។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅតែឃើញទង្វើក្បត់របស់ពួកគេចំពោះអល់ឡោះនិងចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកគេប៉ុណ្ណោះដែលនៅអនុវត្តតាមកិច្ចសន្យាដែលគេ(អល់ឡោះ)បានដាក់ចំពោះពួកគេនោះ។ ហេតុនេះ ចូរអ្នកអភ័យទោសឲ្យពួកគេ ហើយកុំយកទោសពៃរ៍ពីពួកគេ ព្រមទាំងបំភ្លេចចោលនូវទោសកំហុសរបស់ពួកគេចុះ ពីព្រោះការធ្វើបែបនេះ គឺជាទង្វើល្អ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលធ្វើល្អ។