Khmer Abridged Explanation of the Quran
5:17 - 5:17

ពិតប្រាកដណាស់ ពួកណាសរ៉នីដែលនិយាយថា ពិតប្រាកដណាស់ អល់ឡោះ គឺជាម៉ាសៀហ អ៊ីសា កូនប្រុសម៉ារីយ៉ាំ នោះ គឺជាពួកដែលគ្មានជំនឿ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេថាៈ តើអ្នកណាដែលមានសមត្ថភាពអាចរារាំងអល់ឡោះបាន ប្រសិនបើទ្រង់មានចេតនាចង់បំផ្លាញព្យាការីអ៊ីសាកូនប្រុសម៉ារីយ៉ាំ និងម្តាយរបស់គាត់ ព្រមទាំងបំផ្លាញអ្នកដែលនៅលើផែនដីទាំងអស់នោះ? ប្រសិនបើគ្មាននរណាម្នាក់មានសមត្ថភាពអាចរារាំងទ្រង់មិនឲ្យធ្វើដូច្នោះបានទេនោះ វាជាភស្តុតាងបញ្ជាក់ថា ពិតប្រាកដណាស់ ពុំមានម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ហើយអ្វីៗទាំងអស់ ទាំងព្យាការីអ៊ីសាកូនប្រុសម៉ារីយ៉ាំ ទាំងម្តាយរបស់គាត់ ព្រមទាំងអ្វីៗទាំងអស់ដែលអល់ឡោះបានបង្កើតនោះ គឺជាម៉ាខ្លូករបស់អល់ឡោះ(ជាអ្វីដែលទ្រង់បានបង្កើត)ទាំងអស់។ ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងការគ្រប់គ្រងអ្វីៗដែលមានរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់បង្កើតអ្វីមួយតាមដែលទ្រង់មានចេតនា ហើយក្នុងចំណោមអ្វីដែលទ្រង់មានចេតនាក្នុងការបង្កើតវានោះ គឺព្យាការីអ៊ីសា(យេស៊ូគ្រឹស្ទ) ដែលរូបគាត់គឺជាខ្ញុំបម្រើរបស់អល់ឡោះ និងជាអ្នកនាំសាររបស់ទ្រង់។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។