មានបុរសពីរនាក់នៃក្រុមរបស់ព្យាការីមូសាដែលស្ថិតក្នុងចំណោមអ្នកដែលកោតខ្លាចអល់ឡោះ និងខ្លាចទណ្ឌកម្មរបស់ទ្រង់ ដែលទ្រង់បានប្រទានឧបការគុណដល់គេទាំងពីរតាមរយៈការចង្អុលបង្ហាញ(រូបគេ)ឲ្យគោរពប្រតិបត្តិចំពោះទ្រង់នោះ គេទាំងពីរបានជម្រុញក្រុមរបស់ពួកគេឲ្យអនុវត្តតាមបទបញ្ជារបស់ព្យាការីមូសា ដោយគេទាំងពីរបាននិយាយថាៈ ចូរពួកអ្នកសម្រុកចូលទៅកាន់ក្រុមដែលខ្លាំងពួកែនោះតាមទ្វារក្រុងចុះ។ នៅពេលដែលពួកអ្នកបានសម្រុកចូលតាមច្រកទ្វារ ហើយពួកអ្នកបានចូលដល់ហើយនោះ ពិតណាស់(ដោយការអនុញ្ញាតពីអល់ឡោះ) ពួកអ្នកនឹងទទួលបានជ័យជម្នះលើពួកគេដោយមានទំនុកចិត្តចំពោះការសន្យារបស់អល់ឡោះ និងតាមរយៈប្រកាន់យកមូលហេតុផ្សេងៗ(ដែលនាំឲ្យទទួលបានជ័យជម្នះ) ដូចជាការមានជំនឿចំពោះអល់ឡោះ និងការត្រៀមមធ្យោបាយសម្ភារៈផ្សេងៗ(ដើម្បីប្រយុទ្ធ)។ ហើយចូរពួកអ្នកពឹងផ្អែកទៅលើអល់ឡោះជាម្ចាស់តែមួយគត់ និងប្រគល់ការទុកចិត្តចំពោះទ្រង់ចុះ ប្រសិនបើពួកអ្នកគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ពិតប្រាកដណាស់ ការមានជំនឿ គឺចាំបាច់ត្រូវមានការប្រគល់ការទុកចិត្តចំពោះទ្រង់។