Khmer Abridged Explanation of the Quran
5:27 - 5:27

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានប្រាប់ពួកដែលបំពាន ច្រណែនឈ្នានីសក្នុងចំណោមពួកយូដាទាំងនេះពីរឿងរ៉ាវនៃកូនប្រុសទាំងពីររបស់ព្យាការីអាហ្ទាំ(អាដាម) គឺកពេល និងហាពេល ដោយពិតប្រាកដ គ្មានការសង្ស័យនៅក្នុងរឿងនោះ ខណៈដែលគេទាំងពីរបានធ្វើគួរហ្ពាន(តង្វាយ)ដើម្បីបញ្ជិតខ្លួនរបស់គេទាំងពីរទៅកាន់អល់ឡោះ។ ពេលនោះ អល់ឡោះជាម្ចាស់បានទទួលយកការធ្វើគួរហ្ពាន(ដង្វាយ)ដែលហាពេលបានធ្វើ ដោយសារតែរូបគេស្ថិតក្នុងចំណោមអ្នកដែលគោរពកោតខ្លាច តែទ្រង់មិនទទួលយកការធ្វើគួរហ្ពាន(ដង្វាយ)របស់កពេលនោះទេ ដោយសារតែគេមិនមែនស្ថិតក្នុងចំណោមអ្នកដែលគោរពកោតខ្លាច។ ពេលនោះ កពេលមិនសុខចិត្តនឹងការ(ដែលអល់ឡោះ)ទទួលយកការធ្វើគួរហ្ពានរបស់ហាពេលដោយក្តីច្រណែនឈ្នានីស ហើយគេបាននិយាយថាៈ ខ្ញុំប្រាកដជានឹងសម្លាប់ឯង នែហាពេល! ពេលនោះ ហាពេលក៏បានតបវិញថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការធ្វើគួរហ្ពានតែពីអ្នកដែលគោរពកោតខ្លាចទ្រង់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ប៉ុណ្ណោះ។