ពួកយូដាទាំងនោះ គឺជាពួកដែលចូលចិត្តស្តាប់នូវពាក្យភូតកុហកបំផុត និងចូលចិត្តស៊ីទ្រព្យសម្បត្តិដែលគេហាមឃាត់ ដូចជាស៊ីប្រាក់ការជាដើម។ ដូចនេះ ប្រសិនបើពួកគេស្វែងរកការកាត់សេចក្តីពីអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកកាត់សេចក្តីរវាងពួកគេចុះប្រសិនបើអ្នកចង់ ឬបោះបង់មិនកាត់សេចក្តីរវាងពួកគេក៏បានប្រសិនបើអ្នកចង់។ ដូច្នេះ អ្នកមានជម្រើសពីរ។ ប្រសិនបើអ្នកបោះបង់មិនកាត់សេចក្តីរវាងពួកគេទេនោះ ក៏ពួកគេពិតជាមិនអាចបង្កនូវគ្រោះថ្នាក់អ្វីមួយដល់អ្នកបានដែរ។ តែប្រសិនបើអ្នកកាត់សេចក្តីរវាងពួកគេនោះ ចូរអ្នកកាត់សេចក្តីរវាងពួកគេដោយភាពយុត្តិធម៌ចុះ ទោះបីជាពួកគេជាពួកបំពាន និងជាសត្រូវ(នឹងអ្នក)ក៏ដោយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលយុត្តិធម៌នៅក្នុងការកាត់សេចក្តីរបស់ពួកគេ បើទោះបីជាអ្នកដែលគេត្រូវកាត់សេចក្តីឲ្យនោះ គឺជាសត្រូវររបស់អ្នកដែលកាត់សេចក្តីឲ្យក៏ដោយ។