Khmer Abridged Explanation of the Quran
5:44 - 5:44

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ទៅឱ្យព្យាការីមូសា ដែលក្នុងនោះ គឺមាននូវការចង្អុលបង្ហាញ និងជាភស្តុតាងទៅលើប្រការល្អ ហើយក៏ជាពន្លឺសម្រាប់បំភ្លឺផងដែរ។ បណ្តាព្យាការីទាំងឡាយនៃអម្បូរអ៊ីស្រាអែលបានកាត់សេចក្តីតាមរយៈគម្ពីរតាវរ៉តនេះ ដែលពួកគេគឺជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះដោយការគោរពប្រតិបត្តិ។ ហើយពួកអ្នកប្រាជ្ញសាសនា និងពួកមេដឹកនាំរបស់ពួកគេដែលជាអ្នកដែលអប់រំមនុស្សក៏កាត់សេចក្តីតាមគម្ពីរតាវរ៉តនេះដែរ ដោយសារអល់ឡោះជាម្ចាស់ប្រើឱ្យពួកគេថែរក្សាគម្ពីររបស់ទ្រង់ ហើយទ្រង់បានចាត់ពួកគេជាអ្នកទទួលខុសត្រូវលើការថែរក្សា គម្ពីរ(តាវរ៉ត)ពីការកែប្រែ និងការផ្លាស់ប្តូរ។ ហើយពួកគេ គឺជាសាក្សីទៅលើគម្ពីរនេះ ថាវាជាការពិត ដែលមនុស្សលោកនាំគ្នាទៅរកពួកគេរាល់បញ្ហារបស់ពួកគេ(ដែលបានជួបប្រទះ)។ ហេតុនេះ ចូរពួកអ្នក(ឱពួកយូដា)កុំខ្លាចមនុស្សលោកឲ្យសោះ តែពួកអ្នកត្រូវកោតខ្លាចចំពោះយើងតែមួយគត់។ ហើយចូរពួកអ្នកកុំយកកម្រៃបន្តិចបន្តួច ដូចជាភាពជាអ្នកគ្រប់គ្រង ឬឋានៈ ឬទ្រព្យសម្បត្តិជំនួសឲ្យការកាត់សេចក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកឲ្យសោះ។ ហើយជនណាដែលមិនកាត់សេចក្តីតាមវ៉ាហ៊ី(សារ)ដែលអល់ឡោះបានបញ្ចុះមក ដោយគិតថាវាត្រូវបានគេអនុញ្ញាត ឬពេញចិត្តច្បាប់ផ្សេងជាងច្បាប់ដែលអល់ឡោះបានបញ្ចុះ ឬគិតថាវាមានភាពស្មើគ្នារវាងច្បាប់ផ្សេងនិងច្បាប់របស់អល់ឡោះនោះ ពិតណាស់ពួកគេ គឺជាពួកដែលប្រឆាំងយ៉ាងពិតប្រាកដ។