Khmer Abridged Explanation of the Quran
5:48 - 5:48

ហើយយើងបានបញ្ចុះគម្ពីរគួរអានទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)យ៉ាងពិតប្រាកដដោយគ្មានការមន្ទិលសង្ស័យអ្វីឡើយដែលថាវាមកពីអល់ឡោះនោះ ដើម្បីបញ្ជាក់ទៅលើបណ្តាគម្ពីរមុនៗដែលត្រូវបានបញ្ចុះមក និង(ដើម្បី)បញ្ជាក់ពីភាពត្រឹមត្រូវនៃបណ្តាគម្ពីរទាំងនោះ។ ដូច្នេះ អ្វីដែលស្របនឹងគម្ពីរគួរអាន វាគឺជាការពិត ហើយអ្វីដែលផ្ទុយនឹងគម្ពីរគួរអាន វាគឺជាប្រការដែលមិនពិត។ ហេតុនេះ ចូរអ្នកកាត់សេចក្តីរវាងមនុស្សលោកទៅតាមអ្វីដែលអល់ឡោះបានបញ្ចុះទៅឱ្យអ្នកដែលមាននៅក្នុងគម្ពីរគួរអានចុះ ហើយចូរអ្នកកុំធ្វើតាមទំនើងចិត្តរបស់ពួកគេដែលពួកគេប្រកាន់យកវាដោយបោះបង់ចោលនូវអ្វីដែលគេបានបញ្ចុះទៅឱ្យអ្នកអំពីការពិតដែលគ្មានការសង្ស័យនោះឲ្យសោះ។ ហើយពិតប្រាកដណាស់ រាល់ៗប្រជាជាតិនីមួយៗ គឺយើងបានបង្កើតច្បាប់បញ្ញត្តិមួយនៃបណ្តាបទបញ្ញត្តិដែលត្រូវអនុវត្ត និងមាគ៌ាដ៏ច្បាស់លាស់ដែលពួកគេនឹងទទួលបានការចង្អុលបង្ហាញតាមរយៈមាគ៌ានោះ។ ហើយប្រសិនបើអល់ឡោះមានចេតនាធ្វើឲ្យច្បាប់បញ្ញតិ្តនោះតែមួយដូចគ្នា(គ្រប់ប្រជាជាតិទាំងអស់) ទ្រង់ប្រាកដជានឹងធ្វើឲ្យវាតែមួយ(ដូចគ្នា)។ ក៏ប៉ុន្តែ ទ្រង់បានបង្កើតច្បាប់សម្រាប់ប្រជាជាតិនីមួយៗ(ផ្សេងៗពីគ្នា) ដើម្បីទ្រង់សាកល្បងពួកគេទាំងអស់គ្នា ខណៈនោះ វានឹងស្តែងឱ្យឃើញអ្នកដែលស្តាប់បង្គាប់ និងអ្នកដែលប្រឆាំង។ ហេតុនេះ ចូរឲ្យពួកគេរួសរាន់ទៅកាន់ការសាងនូវទង្វើល្អ និងបោះបង់ចោលនូវទង្វើអាក្រក់។ ពួកអ្នកទាំងអស់គ្នានឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់នៅថ្ងៃបរលោក ហើយទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់ខ្វែងយោបល់គ្នានៅក្នុងបញ្ហានោះ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលពួកអ្នកបានសាង។