ហើយពួកគេ(ពួកអះលីគីតាប)បានគិតស្មានថា ការក្បត់កិច្ចសន្យារបស់ពួកគេ ការបដិសេធ(មិនទទួលយកការពិត)របស់ពួកគេ និងការដែលពួកគេបានសម្លាប់បណ្តាព្យាការីទាំងឡាយនោះ គឺគ្មានផ្តល់គ្រោះថ្នាក់អ្វីដល់ពួកគេនោះឡើយ។ តែ(តាមពិត)អ្វីដែលគេបានរៀបចំ(សម្រាប់ពួកគេ)នោះ មិនដូចអ្វីដែលពួកគេនឹកស្មាននោះឡើយ។ ពួកគេធ្វើជាខ្វាក់មើលមិនឃើញការពិត។ ដូច្នេះ ពួកគេមិនត្រូវបានគេចង្អុលបង្ហាញទៅកាន់ការពិតនោះឡើយ ហើយពួកគេធ្វើថ្លង់ស្តាប់មិនឮការពិត។ បន្ទាប់មក អល់ឡោះបានអភ័យទោសដល់ពួកគេដោយការប្រោសប្រណីពីទ្រង់។ ក្រោយពីនោះមក ពួកគេនៅតែធ្វើខ្វាក់(មើលមិនឃើញ)នូវការពិត ហើយពួកគេធ្វើជាថ្លង់ស្តាប់មិនឮការពិតដដែល។ ហេតុការណ៍នេះបានកើតឡើង(លើមនុស្ស)ភាគច្រើនក្នុងចំណោមពួកគេ។ ហើយអល់ឡោះជាម្ចាស់មហាឃើញបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។