ជាការពិតណាស់ ពួកណាសរ៉នី(គ្រឹស្តសាសនិក)ដែលបាននិយាយថាៈ ពិតណាស់ អល់ឡោះជាម្ចាស់ គឺម៉ាសៀហអ៊ីសា កូនប្រុសរបស់ម៉ារីយ៉ាំ (យេស៊ូគ្រឹស្ទ បុត្រនាងម៉ារី)នោះ ពិតជាក្លាយជាពួកដែលគ្មានជំនឿ ដោយសារតែពួកគេផ្តល់នូវភាពជាព្រះជាម្ចាស់ទៅឲ្យអ្នកផ្សេងក្រៅពីអល់ឡោះ ខណៈដែលម៉ាសៀហ កូនប្រុសរបស់ម៉ារីយ៉ាំ(យេស៊ូគ្រឹស្ទ បុត្រនាងម៉ារី)ខ្លួនឯងបាននិយាយទៅកាន់ពួកគេថាៈ ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ចុះ។ ទ្រង់គឺជាព្រះជាម្ចាស់របស់ខ្ញុំ និងព្រះជាម្ចាស់របស់ពួកអ្នក។ ដូច្នេះ ភាពជាខ្ញុំបម្រើរបស់ពួកយើងទៅចំពោះទ្រង់ដែលត្រូវធ្វើការគោរពសក្ការៈចំពោះទ្រង់នោះ គឺ(តែមួយ)ដូចគ្នា។ នោះគឺដោយសារតែជនណាហើយដែលបានធ្វើស្ហ៊ីរិក(ពហុទេពនិយម)ជាមួយអល់ឡោះនឹងអ្វីផ្សេងក្រៅពីទ្រង់នោះ ពិតប្រាកដណាស់ ទ្រង់បានដាក់បម្រាមលើរូបគេមិនឲ្យចូលឋានសួគ៌ជាដាច់ខាត ហើយកន្លែងស្នាក់អាស្រ័យរបស់គេវិញ គឺស្ថិតក្នុងឋាននរកជើហាន់ណាំ។ ហើយសម្រាប់រូបគេ គឺគ្មានអ្នកណាម្នាក់អាចជួយគេនៅចំពោះមុខអល់ឡោះជាម្ចាស់នោះឡើយ។ ហើយសម្រាប់គេក៏គ្មានអ្នកជួយសង្គ្រោះណាម្នាក់ដែលអាចជួយសង្គ្រោះរូបគេពីទណ្ឌកម្មដែលកំពុងតែរង់ចាំរូបគេនោះដែរ។