Khmer Abridged Explanation of the Quran
5:89 - 5:89

ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! អល់ឡោះជាម្ចាស់ទ្រង់មិនយកទោសពៃរ៍ពីពួកអ្នកចំពោះការស្បថស្បែដែលបានកើតឡើងនៅលើអណ្តាតរបស់ពួកអ្នកដោយអចេតនាឡើយ។ តាមពិត ទ្រង់យកទោសពៃរ៍ពីពួកអ្នកចំពោះការស្បថដែលពួកអ្នកបានប្តេជ្ញាចិត្តនឹងធ្វើវា ហើយពួកអ្នកបានតាំងចិត្តថានឹងធ្វើវា តែពួកអ្នកបែរជាបំពានទៅវិញ។ ដូចនេះ អល់ឡោះជាម្ចាស់ទ្រង់នឹងលុបលាងបាបកម្មចេញពីពួកអ្នកវិញចំពោះការដែលអ្នកបានស្បថដោយការប្តេជ្ញាចិត្តធ្វើវា ព្រមទាំងបានពោលវាចេញមកក្រៅ តែពួកអ្នកបែរជាបំពាន(មិនធ្វើតាមការស្បថ)វិញនោះ ដោយពួកអ្នកត្រូវជ្រើសរើសជម្រើសមួយក្នុងចំណោមជម្រើសទាំងបីគឺ៖ ផ្តល់អាហារដល់អ្នកក្រីក្រចំនួនដប់នាក់នៃអាហារជាមធ្យមដែលអ្នកស្រុកបរិភោគ ដោយក្នុងអ្នកក្រម្នាក់ៗត្រូវបរិច្ចាគ(ឲ្យពួកគេ)នូវអាហារកន្លះកន្តាំង ឬផ្តល់ជាសម្លៀកបំពាក់ដល់ពួកគេនូវសម្លៀកបំពាក់ដែលគេស្លៀកពាក់ទូទៅ ឬក៏ដោះលែងទាសករស្រីដែលជាអ្នកមានជំនឿម្នាក់ឱ្យមានសេរីភាព។ តែប្រសិនបើគេមិនមានលទ្ធភាពជម្រុះសម្បថដោយប្រការណាមួយក្នុងចំណោមប្រការទាំងបីនេះទេនោះ ចូរឱ្យគេជម្រុះសម្បថដោយការបួសតមអាហារចំនួនបីថ្ងៃ។ ការលើកឡើងទាំងនេះ គឺជាការដាក់ពិន័យចំពោះការស្បថរបស់ពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)នៅពេលដែលពួកអ្នកបានស្បថចំពោះអល់ឡោះ តែពួកអ្នកមិនបានធ្វើ(តាមការស្បថនោះ)។ ហើយចូរពួកអ្នកការពារសម្បថរបស់ពួកអ្នកចំពោះអល់ឡោះ ដោយកុំស្បថកុហក កុំស្បថច្រើន និងកុំធ្វើតាមសម្បថដែលបានស្បថ ប្រសិនបើការស្បថនោះពុំមែនជាអំពើល្អ(ស្បថក្នុងផ្លូវមិនល្អ)។ ហេតុនេះ ចូរពួកអ្នកសាងនូវទង្វើកុសល ហើយចូរពួកអ្នកជម្រុះសម្បថ(ដែលមិនល្អ)របស់ពួកអ្នក។ ដូចដែលអល់ឡោះបានបកស្រាយបញ្ជាក់ប្រាប់នូវវិធីជម្រុះសម្បថដល់ពួកអ្នកនោះដែរ អល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់ពួកអ្នកពីបណ្តាច្បាប់របស់ទ្រង់ដែលបញ្ជាក់ឱ្យឃើញច្បាស់នូវប្រការដែលគេអនុញ្ញាត និងប្រការត្រូវបានគេហាមឃាត់។ សង្ឃឹមថាពួកអ្នកនឹងដឹងគុណអល់ឡោះចំពោះអ្វីទ្រង់បានបង្រៀនពួកអ្នកនូវអ្វីដែលពួកអ្នកពុំធ្លាប់បានដឹងនោះ។