ហើយចូរអ្នកចងចាំ នៅពេលដែលអល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីអ៊ីសាថាៈ ឱអ៊ីសា កូនប្រុសម៉ារីយ៉ាំ! ចូរអ្នកចងចាំនូវឧបការគុណរបស់យើងដែលបានប្រទានឱ្យអ្នក ខណៈដែលយើងបានបង្កើតអ្នកដោយគ្មានឪពុក និងចូរអ្នកចងចាំនូវឧបការគុណរបស់យើងដែលបានប្រទានដល់ម្តាយរបស់អ្នក គឺម៉ារីយ៉ាំ ខណៈដែលយើងបានជ្រើសរើសនាងពីក្នុងចំណោមស្ត្រីទាំងឡាយនៅក្នុងជំនាន់របស់នាង។ ហើយចូរអ្នកចងចាំនូវឧបការគុណដែលយើងបានប្រទានដល់អ្នក ខណៈដែលយើងបានពង្រឹងអ្នកតាមរយៈមាឡាអ៊ីកាត់ជីព្រេល ដោយឱ្យអ្នកចេះនិយាយទៅកាន់មនុស្ស(តាំងពីអ្នកនៅជាទារក)ដោយអំពាវនាវពួកគេទៅកាន់អល់ឡោះ ហើយធ្វើឱ្យអ្នកនិយាយទៅកាន់ពួកគេនៅពេលអ្នកមានវ័យចំណាស់នូវអ្វីដែលយើងបានបញ្ជូនអ្នកទៅកាន់ពួកគេ។ ហើយ(ចូរអ្នកចងចាំ)ពីឧបការគុណដែលយើងបានប្រទានឱ្យអ្នក ដោយយើងបានបង្រៀនអក្សរដល់អ្នក និងបានបង្រៀនគម្ពីរតាវរ៉តដល់អ្នក ដែលជាគម្ពីរត្រូវបានបញ្ចុះទៅឱ្យព្យាការីមូសា និងបានបង្រៀនគម្ពីរអិនជីលដល់អ្នក ដែលជាគម្ពីរត្រូវបានបញ្ចុះមកឱ្យអ្នក។ ហើយយើងបានបង្រៀនដល់អ្នកនូវប្រការអាថ៌កំបាំងនៃច្បាប់បញ្ញត្តិ អត្ថប្រយោជន៍ និងបុព្វហេតុរបស់វា។ ហើយចូរអ្នកចងចាំនូវឧបការគុណដែលយើងបានប្រទានដល់អ្នក ដោយអ្នកអាចសូនដីឥដ្ឋធ្វើជារូប ដូចជារូបបក្សី រួចមកអ្នកក៏ផ្លុំវា ហើយវាក៏ក្លាយទៅជាបក្សីមួយក្បាល។ អ្នកអាចព្យាបាលជនពិការភ្នែកពីកំណើតឲ្យមើលឃើញបាន អ្នកអាចព្យាបាលអ្នកមានជំងឺឃ្លង់ ធ្វើឱ្យស្បែករបស់គេក្លាយទៅជាស្អាតវិញបាន។ ហើយអ្នកអាចប្រោសអ្នកស្លាប់ឱ្យរស់រានមានជីវិតឡើងវិញដោយការបួងសួងសុំពីអល់ឡោះឲ្យទ្រង់ប្រោសពួកគេឲ្យរស់ឡើងវិញ។ រឿងរ៉ាវទាំងអស់នេះ គឺ(អាចកើតឡើងបាន)ដោយសារការអនុញ្ញាតពីយើង(អល់ឡោះ)ប៉ុណ្ណោះ។ ហើយក្នុងចំណោមឧបការគុណដែលយើងបានប្រទានដល់អ្នកដែរនោះ គឺយើងបានរារាំងអម្បូរអ៊ីស្រាអែលពីការប៉ុនប៉ងសម្លាប់អ្នក ពេលដែលអ្នកបាននាំមកឱ្យពួកគេនូវអច្ឆរិយភាពជាច្រើនដ៏ជាក់ច្បាស់។ ប៉ុន្តែពួកគេមួយចំនួនគ្មានអ្វីក្រៅពីការបដិសេធនោះទេ ដោយពួកគេបាននិយាយថាៈ អ្វីដែលព្យាការីអ៊ីសាបាននាំមកនេះ គឺជាមន្តអាគមយ៉ាងច្បាស់ណាស់។