ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះចុះថាៈ ខ្ញុំមិនដែលប្រាប់ពូកអ្នកថា ពិតប្រាកដណាស់ ខ្ញុំមានឃ្លាំងនៃលាភសក្ការៈរបស់អល់ឡោះ ហើយខ្ញុំផ្តល់វាទៅឲ្យជនណាដែលខ្ញុំមានចេតនានោះទេ ហើយខ្ញុំក៏មិនដែលប្រាប់ពួកអ្នកថា ខ្ញុំដឹងនូវប្រការអាថ៌កំបាំងនោះដែរ លើកលែងតែអ្វីដែលអល់ឡោះបានផ្តល់ជាវ៉ាហ៊ីឲ្យខ្ញុំបានដឹងប៉ុណ្ណោះ។ ហើយខ្ញុំក៏មិនដែលប្រាប់ពួកអ្នកដែរថា ខ្ញុំគឺជាម៉ាឡាអ៊ីកាត់មួយរូបក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងឡាយនោះដែរ។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកនាំសារម្នាក់មកពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំមិនធ្វើតាមអ្វីក្រៅពីវ៉ាហ៊ីដែលគេ(អល់ឡោះ)បានផ្តល់មកឱ្យខ្ញុំប៉ុណ្ណោះ ហើយខ្ញុំក៏មិនទាមទារនូវអ្វីដែលមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំនោះដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើស្មើគ្នាដែរឬទេរវាងពួកគ្មានជំនឿដែលពិការភ្នែកមើលមិនឃើញការពិត និងបណ្តាអ្នកមានជំនឿដែលមើលឃើញការពិត និងបានជឿនោះ? ដូច្នេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)មិនយកខួរក្បាលរបស់ពួកអ្នកមកធ្វើការពិចារណាចំពោះសញ្ញាភស្តុតាងទាំងឡាយដែលមាននៅជុំវិញខ្លួនពួកអ្នកទេឬ?