ហើយក្រុមរបស់គាត់ដែលជាពួកពហុទេពនិយមបានឈ្លោះប្រកែកជាមួយគាត់ក្នុងបញ្ហាទាក់ទងនឹងជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់(ឯកទេពនិយម) ហើយពួកគេបានយកបដិមានានារបស់ពួកគេមកបន្លាចគាត់។ ពេលនោះ គាត់ក៏បាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមកឈ្លោះប្រកែកជាមួយខ្ញុំនៅក្នុងបញ្ហាជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយ និងការគោរពសក្ការៈចំពោះទ្រង់តែមួយនោះឬ? ជាការពិតណាស់ ម្ចាស់របស់ខ្ញុំបានចង្អុលបង្ហាញខ្ញុំទៅកាន់ទ្រង់។ ហើយខ្ញុំក៏មិនខ្លាចញញើតរូបបដិមាទាំងឡាយរបស់ពួកអ្នកនោះទេ ពីព្រោះពួកវាមិនអាចបង្កគ្រោះថ្នាក់អ្វីបាននោះឡើយ។ ដូចនេះ ពួកវាក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់ខ្ញុំបានឡើយ ហើយពួកវាក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ខ្ញុំបានដែរ លើកលែងតែអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនាប៉ុណ្ណោះ ហើយអ្វីដែលទ្រង់មានចេតនា គឺប្រាកដជានឹងកើតឡើង។ ជាមួយនឹងការដឹងអ្វីគ្រប់យ៉ាងរបស់អល់ឡោះនោះ គឺគ្មានអ្វីមួយដែលមាននៅលើមេឃនិងនៅលើផែនដីអាចលាក់បាំងនឹងទ្រង់បានឡើយ។ ដូចនេះ តើពួកអ្នក(ឱក្រុមរបស់ខ្ញុំ)មិននឹកឃើញទេឬនូវអ្វីដែលពួកអ្នកកំពុងតែស្ថិតនៅលើភាពគ្មានជំនឿចំពោះអល់ឡោះ និងការធ្វើស្ហ៊ីរិកចំពោះទ្រង់ ដោយពួកអ្នក(ងាកមក)មានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់វិញនោះ?