ហើយភស្ដុតាងនោះ ពោលគឺបន្ទូលរបស់ទ្រង់ថាៈ “តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរនេះ គឺក្រុមដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយ និងក្រុមដែលធ្វើស្ហ៊ីរិក(គោរពព្រះច្រើន) ដែលសាកសមនឹងទទួលបាននូវសុវត្ថិភាព និងសន្តិភាពជាង?” ដែលព្យាការីអ៊ីព្រហ៊ីមបានយកឈ្នះក្រុមរបស់គាត់តាមរយៈភស្តុតាងនេះ រហូតដល់អាចផ្តួលអំណះអំណាងរបស់ពួកគេបាននោះ វាគឺជាភស្តុតាងរបស់យើង ដែលយើងបានផ្តល់វាដល់ព្យាការីអ៊ីព្រហ៊ីមដើម្បីតទល់ជាមួយនឹងក្រុមរបស់គាត់។ យើងលើកឋានៈសក្តិចំពោះជនណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់យើងទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាម្ចាស់មហាគតិបណ្ឌិតក្នុងការបង្កើត និងការចាត់ចែងរបស់ទ្រង់ និងជាម្ចាស់មហាដឹងបំផុតចំពោះបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។