គ្មានអ្នកណាម្នាក់ដែលបំពានជាងអ្នកដែលបានប្រឌិតកុហកទៅលើអល់ឡោះជាម្ចាស់នោះទេ ដោយគេបាននិយាយថាៈ អល់ឡោះមិនបានបញ្ចុះអ្វីមួយមកឱ្យមនុស្សលោកឡើយ ឬគេបាននិយាយកុហកថាៈ ជាការពិតណាស់ អល់ឡោះបានផ្តល់វ៉ាហ៊ី(សារពីទ្រង់)មកឲ្យរូបគេ ខណៈដែលទ្រង់មិនបានផ្តល់វ៉ាហ៊ីទៅឲ្យជននោះបន្តិចណាសោះឡើយ ឬគេបាននិយាយថាៈ ខ្ញុំនឹងបញ្ចុះ(គម្ពីរ)ដូចគម្ពីរគួរអានដែលអល់ឡោះបានបញ្ចុះមកនោះដែរ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញនៅពេលដែលពួកបំពានទាំងនោះស្ថិតក្នុងភាពឈឺចាប់នៃសេចក្តីស្លាប់(ដំណាក់កាលចុងក្រោយនៃជីវិត) ហើយម៉ាឡាអ៊ីកាត់លូកដៃរបស់ពួកគេទៅកាន់ពួកនោះ(ដើម្បីដកហូតព្រលឹង) ដោយការដាក់ទណ្ឌកម្ម និងការវាយដំ។ ម៉ាឡាអ៊ីកាត់បាននិយាយទៅកាន់ពួកគេទាំងហិង្សាថាៈ ចូរពួកឯង(ព្រលឹង)ចេញពីខ្លួនមក! ពេលនេះ ពួកយើងនឹងដកយកវា។ នៅថ្ងៃនេះ គេនឹងតបស្នងដល់ពួកអ្នកនូវទណ្ឌកម្មដ៏អាម៉ាសនិងថោកទាបជាទីបំផុត ដោយសារតែពួកអ្នកធ្លាប់និយាយប្រឌិតកុហកទៅលើអល់ឡោះដោយអះអាងថាខ្លួនជាព្យាការី និងទទួលវ៉ាហ៊ី(ពីអល់ឡោះ) និងអាចបញ្ចុះ(គម្ពីរ)ដូចដែលអល់ឡោះបានបញ្ចុះមកដែរ និងដោយសារតែភាពក្អេងក្អាងរបស់ពួកអ្នកមិនព្រមមានជំនឿនឹងបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់។ បើអ្នក(ឱមូហាំម៉ាត់)បានឃើញដូចនោះ អ្នកប្រាកដជាបានឃើញរឿងមួយដ៏គួរឱ្យខ្លាច។