Khmer Abridged Explanation of the Quran
6:109 - 6:109

ហើយពួកមុស្ហរីគីនបានស្បថនឹងអល់ឡោះជាម្ចាស់ ដោយពួកគេស្បថយ៉ាងម៉ឺងម៉ាត់ថាៈ ប្រសិនបើព្យាការីមូហាំម៉ាត់បាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងណាមួយក្នុងចំណោមសញ្ញាភស្តុតាងទាំងឡាយដែលពួកគេបានស្នើសុំនោះ ពួកគេប្រាកដជានឹងមានជំនឿលើសញ្ញាភស្តុតាងនោះជាមិនខាន។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ខ្ញុំគ្មានសញ្ញាភស្តុតាងទាំងនេះដើម្បីខ្ញុំនឹងបញ្ចុះវា(តាមការស្នើសុំរបស់ពួកអ្នក)ឡើយ។ តាមពិត សញ្ញាភស្តុតាងទាំងនេះ គឺស្ថិតនៅឯអល់ឡោះជាម្ចាស់ទៅវិញទេ ដោយទ្រង់បញ្ចុះវាតែនៅពេលណាដែលទ្រង់មានចេតនាប៉ុណ្ណោះ។ តើអ្វីទៅដែលធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដឹងថា នៅពេលដែលសញ្ញាទាំងនេះបានមកដល់ពួកគេស្របទៅតាមអ្វីដែលពួកគេបានស្នើសុំ ក៏ពួកគេនៅតែមិនព្រមជឿដដែលនោះ? ផ្ទុយទៅវិញ ពួកគេនៅតែបន្តស្ថិតនៅលើភាពចចេសរឹងរូស និងការប្រឆាំងរបស់ពួកគេដដែល ដោយសារពួកគេមិនចង់ទទួលបាននូវការចង្អុលបង្ហាញឡើយ។