ហើយយើង(អល់ឡោះ)នឹងមានបន្ទូលទៅកាន់ពួកគេនៅថ្ងៃបរលោកថាៈ ឱបណ្តាក្រុមមនុស្សលោក និងជិនទាំងឡាយ! តើបណ្តាអ្នកនាំសារដែលមកពីពូជពង្សពួកអ្នក(គឺពូជមនុស្ស)មិនបានមកដល់ពួកអ្នក ហើយសូត្រនូវអ្វីដែលអល់ឡោះបានបញ្ចុះទៅកាន់ពួកគេ ព្រមទាំងព្រមានបន្លាចពួកអ្នកពីការជួបជុំគ្នានៅថ្ងៃរបស់ពួកអ្នក ពោលគឺថ្ងៃបរលោកនេះទេឬ? ពួកគេបានឆ្លើយតបថាៈ ពិតមែនហើយ ពួកគេ(បណ្តាអ្នកនាំសារ)ពិតជាបានមកដល់ពួកយើងមែន។ នៅក្នុងថ្ងៃនេះ ពួកយើងសូមទទួលស្គាល់ចំពោះខ្លួនពួកយើងផ្ទាល់ថា ពិតណាស់ បណ្តាអ្នកនាំសាររបស់ទ្រង់ គឺពិតជាបានផ្សព្វផ្សាយមកដល់ពួកយើងមែន ហើយពួកយើងក៏ទទួលស្គាល់ដែរពីការជួបជុំគ្នានៅក្នុងថ្ងៃនេះ។ ក៏ប៉ុន្តែ ពួកយើងធ្លាប់បានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ និងបដិសេធ(មិនព្រមជឿ)ពីការជួបជុំគ្នានៅក្នុងថ្ងៃនេះ។ ហើយឆាកជីវិតលោកិយបានបោកប្រាស់ពួកគេដោយសារតែអ្វីដែលមាននៅក្នុងវា(លោកិយ)នៃការតុបតែងលម្អ ភាពឆើតឆាយនៃលោកិយ និងការសើយសុខដែលមិនស្ថិតស្ថេរនេះ។ ហើយពួកគេបានទទួលស្គាល់ចំពោះខ្លួនពួកគេថាៈ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលធ្លាប់បានប្រឆាំងនឹងអល់ឡោះជាម្ចាស់ និងបណ្តាអ្នកនាំសាររបស់ទ្រង់ពិតមែនកាលនៅក្នុងលោកិយ។ ក៏ប៉ុន្តែ ការទទួលស្គាល់ និងការមានជំនឿរបស់ពួកគេ(នៅក្នុងថ្ងៃបរលោកនេះ) គឺគ្មានប្រយោជន៍អ្វីដល់ពួកគេឡើយ ព្រោះវាហួសពេលទៅហើយ។