Khmer Abridged Explanation of the Quran
6:137 - 6:137

ហើយដូចដែលស្ហៃតនបានតុបតែងលម្អដល់ពួកមុស្ហរីគីនចំពោះការកំណត់ដ៏អយុត្តិធម៌នេះដែរ ព្រះនានារបស់ពួកមុស្ហរីគីនដែលជាពួកស្ហៃតនទាំងនោះ ក៏បានលម្អដល់ពួកមុស្ហរីគីនយ៉ាងច្រើងផងដែរដោយឲ្យពួកគេ(ពួកមុស្ហរីគីន)សម្លាប់កូនៗរបស់ពួកគេដោយសារតែខ្លាចភាពក្រីក្រ ដើម្បីពួកវា(ស្ហៃតន)បំផ្លាញពួកមុស្ហរីគីនទាំងនោះដោយធ្វើឲ្យពួកគេធ្លាក់ចូលទៅក្នុងបទឧក្រិដ្ឋនៃការសម្លាប់ជីវិតដែលត្រូវបានអល់ឡោះហាមឃាត់ និងដើម្បីពួកវា(ស្ហៃតន)បំភ័ន្តពួកគេនូវសាសនារបស់ពួកគេ ដោយពួកគេមិនដឹងទេថា តើអ្វីដែលច្បាប់បង្គាប់ប្រើ និងអ្វីដែលមិនមែនជាច្បាប់បង្គាប់ប្រើ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកគេធ្វើដូច្នោះនោះ ពួកគេនឹងមិនធ្វើដូច្នោះឡើយ ក៏ប៉ុន្តែទ្រង់មានចេតនាយ៉ាងដូច្នោះដោយសារមានហេតុផលច្បាស់លាស់។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកមុស្ហរីគីនទាំងនោះនិងអ្វីដែលពួកគេបានប្រឌិតទៅលើអល់ឡោះដោយការកុហកបោកប្រាស់នោះចុះ។ ជាការពិតណាស់ រឿងនោះមិនបានផ្តល់ផលប៉ះពាល់ណាមួយមកលើអ្នកនោះទេ ហើយចូរអ្នកប្រគល់កិច្ចការរបស់ពួកគេឲ្យអល់ឡោះជាម្ចាស់ចុះ។