ពួកមុស្ហរីគីននឹងនិយាយយកលេសដោះសារនឹងចេតនារបស់អល់ឡោះនិងសមត្ថភាពរបស់ទ្រង់ចំពោះភាពត្រឹមត្រូវនៃការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះជាម្ចាស់ថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើង ក៏ដូចជាជីដូនជីតារបស់ពួកយើងធ្វើស្ហ៊ីរិកនឹងទ្រង់ទេនោះ ពួកយើងក៏មិនធ្វើស្ហ៊ីរិកនឹងទ្រង់នោះដែរ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើងដាក់បម្រាមនូវអ្វីដែលពួកយើងបានដាក់បម្រាមលើខ្លួនពួកយើងទេនោះ ពួកយើងក៏មិនដាក់បម្រាមចំពោះវានោះដែរ។ តាមរយៈការលើកឡើងនូវលេសដោះសារដែលមិនត្រឹមត្រូវរបស់ពួកគេបែបនេះ ពួកអ្នកជំនាន់មុនពួកគេក៏បានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ពួកគេដូចគ្នាដែរ ដោយពួកគេ(អ្នកជំនាន់មុន)បាននិយាយថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើងបដិសេធពួកគេ(បណ្តាអ្នកនាំសារ)ទេនោះ ពួកយើងក៏មិនបដិសេធចំពោះពួកគេនោះដែរ។ ហើយពួកគេនៅតែបន្តការបដិសេធបែបនេះ រហូតដល់ពួកគេបានភ្លក្សនូវទណ្ឌកម្មរបស់យើងដែលយើងបានបញ្ចុះទៅកាន់ពួកគេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើពួកអ្នកមានភស្តុតាងណាមួយដែលបញ្ជាក់ថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តឲ្យពួកអ្នកឲ្យធ្វើស្ហ៊ីរិកចំពោះទ្រង់ និង(ពេញចិត្តឲ្យពួកអ្នក)ដាក់បម្រាមនូវអ្វីដែលទ្រង់បានអនុញ្ញាត ហើយអនុញ្ញាតនូវអ្វីដែលអល់ឡោះទ្រង់ដាក់បម្រាមនោះ? ការដែលពួកអ្នកធ្លាក់ក្នុងទង្វើបែបនេះ គឺមិនមែនជាភស្តុតាងដែលបញ្ជាក់ថា ទ្រង់ពេញចិត្តចំពោះ(ទង្វើ)ពួកអ្នកនោះទេ។ ជាការពិតណាស់ ពួកអ្នកធ្វើដូច្នោះគឺគ្មានអ្វីក្រៅពីការស្មាននោះឡើយ ហើយពិតណាស់ ការស្មានមិនអាចផ្តល់នូវការពិតបន្តិចណានោះឡើយ ហើយពួកអ្នកគ្មានអ្វីក្រៅពីការភូតកុហកនោះឡើយ។