ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់មនុស្សលោកទាំងឡាយថាៈ សូមពួកអ្នកមកទីនេះ ខ្ញុំនឹងសូត្រឲ្យពួកអ្នកស្តាប់នូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់។ ទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយអំពីម៉ាខ្លូករបស់ទ្រង់ឡើយ និងមិនត្រូវអកតញ្ញូចំពោះឪពុកម្តាយរបស់ពួកអ្នកជាដាច់ខាត។ ផ្ទុយទៅវិញ ចាំបាច់លើពួកអ្នកត្រូវកតញ្ញូចំពោះគាត់ទាំងពីរ។ ទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យសម្លាប់កូនៗរបស់ពួកអ្នកដោយសារតែ(ខ្លាច)ភាពក្រខ្សត់ដូចដែលពួកសម័យកាលអវិជ្ជា(មុនឥស្លាមមកដល់)បានធ្វើនោះឡើយ។ យើង(អល់ឡោះ)ជាអ្នកដែលផ្តល់លាភសក្ការៈដល់ពួកអ្នកនិងដល់ពួកគេ(កូនចៅ)។ ហើយទ្រង់បានហាមឃាត់ពួកអ្នកមិនត្រូវបៀតបៀន ឬទៅជិតប្រការអាក្រក់(ហ្ស៊ីណា)នោះឡើយ ទោះបីដោយបើកចំហឬដោយលាក់លៀម។ ហើយពួកអ្នកមិនត្រូវសម្លាប់ជីវិតដែលអល់ឡោះបានហាមឃាត់មិនឲ្យសម្លាប់នោះទេ លើកលែងតែមានហេតុផលត្រឹមត្រូវ ដូចជាអ្នកដែលប្រព្រឹត្តហ្ស៊ីណា(ចំពោះអ្នកដែលធ្លាប់ឆ្លងកាត់ការរៀបការរួច) និងអ្នកដែលវិលត្រឡប់ទៅរកភាពគ្មានគ្មានជំនឿបន្ទាប់ពីចូលសាសនាឥស្លាមហើយ(មួរតាត់)ជាដើម។ ប្រការដែលបានរៀបរាប់ខាងលើនេះ គឺអល់ឡោះទ្រង់បានផ្តែផ្តាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកចេះគិតពិចារណាចំពោះអល់ឡោះទាំងប្រការដែលទ្រង់បានបង្គាប់បញ្ជារប្រើ និងប្រការដែលទ្រង់បានហាមឃាត់។