Khmer Abridged Explanation of the Quran
6:152 - 6:152

ហើយទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរមិនឲ្យបៀតបៀនទ្រព្យសម្បត្តិក្មេងកំព្រា(សំដៅលើក្មេងដែលឪពុករបស់គេបានស្លាប់មុននឹងគេធំដឹងក្តី) លើកលែងតែតាមវិធីដែលមានប្រយោជន៍សម្រាប់គេ(ក្មេងកំព្រា) និងធ្វើឲ្យទ្រព្យសម្បត្តិរបស់គេកើនឡើងប៉ុណ្ណោះ រហូតដល់គេធំពេញវ័យ ចេះបែងចែកខុសត្រូវ។ ហើយទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យកេងប្រវ័ញ្ញនៅក្នុងការវាល់ និងថ្លឹង។ ផ្ទុយទៅវិញ ចាំបាច់លើពួកអ្នកត្រូវមានភាពយុត្តិធម៌នៅក្នុងការទិញលក់។ យើង(អល់ឡោះ)មិនបានដាក់បន្ទុកទៅលើនរណាម្នាក់ហួសពីសមត្ថភាពរបស់គេនោះឡើយ។ ដូច្នេះ អ្វីដែលគេមិនអាចគ្រប់គ្រងវាបានអំពីការលើស ឬខ្វះ ក្នុងការថ្លឹង(ឬវាល់) និងអ្វីផ្សេងទៀតនោះ គឺគេមិនយកទោសពៃរ៍ចំពោះវានោះទេ។ ទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរពីការនិយាយនូវពាក្យសម្តីមិនពិតនៅក្នុងការប្រាប់ដំណឹង(ឬផ្តល់ព័ត៌មាន) ឬការធ្វើសាក្សី សូម្បីជាមួយសាច់ញាតិ ឬមិត្តភក្តិជិតស្និទ្ធក៏ដោយ។ ទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរចំពោះការមិនបំពេញនូវកិច្ចសន្យារបស់អល់ឡោះនៅពេលដែលទ្រង់បានសន្យានឹងពួកអ្នក ឬពួកអ្នកបានសន្យានឹងទ្រង់ហើយនោះ ផ្ទុយទៅវិញ ពួកអ្នកចាំបាច់ត្រូវតែបំពេញនូវការសន្យានេះ។ បទបញ្ជាដែលអល់ឡោះបានបង្គាប់ប្រើលើពួកអ្នកខាងលើនោះ គឺជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត សង្ឃឹមថា ពួកអ្នកនឹងចងចាំពីលទ្ធផលចុងក្រោយនៃកិច្ចការរបស់ពួកអ្នក។