ហើយនិងដើម្បីកុំឲ្យពួកអ្នកនិយាយថាៈ ប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះគម្ពីរណាមួយមកកាន់ពួកយើងដូចដែលទ្រង់បានបញ្ចុះគម្ពីរទៅឲ្យពួកយូដា និងពួកណាសរ៉នីនោះ ប្រាកដជាពួកយើងគឺជាអ្នកដែលប្រកាន់ខ្ជាប់នឹងវា(គម្ពីរ)ច្រើនជាងពួកគេ(ពួកយូដានិងពួកណាសរ៉នី)ទៅទៀត។ ហើយជាការពិតណាស់ (ពេលនេះ)គម្ពីរមួយដែលអល់ឡោះបានបញ្ចុះវាទៅកាន់ព្យាការីរបស់ពួកអ្នក គឺព្យាការីមូហាំម៉ាត់ ជាភាសារបស់ពួកអ្នក(ភាសាអារ៉ាប់)នោះ គឺបានមកដល់ពួកអ្នកហើយ ដែលវាគឺជាភស្តុតាងយ៉ាងច្បាស់លាស់ និងជាការចង្អុលបង្ហាញទៅកាន់សេចក្តីពិត ព្រមទាំងជាក្តីមេត្តាករុណាចំពោះប្រជាជាតិនេះ។ ហេតុនេះ ចូរពួកអ្នកកុំយកលេសដែលមិនត្រឹមត្រូវទាំងនោះមកដោះសារឲ្យសោះ។ ហើយគ្មាននរណាម្នាក់ដែលបំពានខ្លាំងជាងពួកដែលបដិសេធនឹងបណ្តាភស្តុតាងរបស់អល់ឡោះ និងបែរចេញពីវានោះឡើយ។ យើងនឹងដាក់ទណ្ឌកម្មពួកដែលបានបែរចេញពីភស្តុតាងទាំងឡាយរបស់យើងនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ដោយយើងនឹងបញ្ចូលពួកគេទៅក្នុងនរកជើហាន់ណាំ ជាការតបស្នងចំពោះការបែរចេញរបស់ពួកគេ និងការប្រឆាំងរបស់ពួកគេចំពោះបណ្តាភស្តុតាងទាំងឡាយរបស់យើង។