Khmer Abridged Explanation of the Quran
7:27 - 7:27

ឱកូនចៅអាហ្ទាំ! ចូរកុំឲ្យស្ហៃតនបោកបញ្ឆោតពួកអ្នកតាមរយៈការតុបតែងលម្អនូវអំពើល្មើស(ឲ្យមើលទៅឃើញថាល្អ) ដោយការបោះបង់ចោលនូវសម្លៀកបំពាក់សម្រាប់បិទបាំងរាងកាយ ឬបោះបង់នូវសម្លៀកបំពាក់នៃការកោតខ្លាចឲ្យសោះ។ ជាការពិតណាស់ វាធ្លាប់បានបោកប្រាស់ឪពុកម្តាយទាំងពីរបស់ពួកអ្នក ដោយការតុបតែងលម្អឲ្យគេទាំងពីរបរិភោគផ្លែឈើ(ពីដើមឈើដែលយើងបានហាឃាត់) ហើយជាលទ្ធផល ធ្វើឲ្យយើងបណ្តេញគេទាំងពីរចេញពីឋានសួគ៌ និងធ្វើឲ្យកេរ្តិ៍ខ្មាសរបស់ពួកគេទាំងពីរបានលាតត្រដាង(ស្ថិតក្នុងភាពអាក្រាត)។ ពិតប្រាកដណាស់ ស្ហៃតននិងបក្សពួករបស់វាអាចមើលឃើញពួកអ្នក ក៏ប៉ុន្តែពួកអ្នកមិនអាចមើលពួកវាឃើញឡើយ។ ហេតុនេះ ចាំបាច់លើពួកអ្នកត្រូវប្រុងប្រយ័ត្នអំពីវានិងបក្សពួករបស់វា។ ពិតប្រាកដណាស់ យើងបានធ្វើឲ្យស្ហៃតនក្លាយជាមេដឹកនាំសម្រាប់ពួកដែលគ្មានជំនឿចំពោះអល់ឡោះ។ រីឯបណ្តាអ្នកដែលមានជំនឿដែលជាអ្នកសាងទង្វើកុសលវិញ ពួកវាគ្មានផ្លូវណាអាចធ្វើអ្វីពួកគេបានឡើយ។