Khmer Abridged Explanation of the Quran
7:37 - 7:37

គ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់ ដោយចោទថា ទ្រង់មានដៃគូ ឬក៏និយាយចំពោះទ្រង់នូវអ្វីដែលទ្រង់មិនបានមានបន្ទូល ឬក៏បដិសេធនឹងបណ្តាភស្តុតាងរបស់ទ្រង់ដ៏ឧត្តុង្គឧត្តមដែលចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវនោះឡើយ។ ពួកដែលមានលក្ខណៈបែបនេះ ពួកគេនឹងទទួលបាននូវលាភសំណាងរបស់ពួកគេដែលត្រូវបានគេកត់ត្រាទុកសម្រាប់ពួកគេនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)នៃការសោយសុខក្នុងលោកិយនេះ។ លុះដល់ពេលដែលម៉ាលីគុលម៉ោត(ម៉ាឡាអ៊ីកាត់ដកជីវិត)និងបរិវាររបស់គេបានមកដល់ពួកគេដើម្បីដកហូតព្រលឹងរបស់ពួកគេនោះ ពួកគេ(ម៉ាឡាអ៊ីកាត់)ក៏បានសួរទៅកាន់ពួកគេ(ពួកបំពានដែលជិតស្លាប់)ក្នុងលក្ខណៈស្តីបន្ទោសថាៈ តើព្រះនានាដែលពួកអ្នកធ្លាប់គោរពសក្ការៈ(ចំពោះពួកវា)ក្រៅពីអល់ឡោះជាម្ចាស់នោះនៅឯណា? ចូរពួកអ្នកបួងសួងហៅពួកវាឲ្យមកជួយពួកអ្នកមក។ ពេលនោះ ពួកមុស្ហរីគីនក៏បានពោលទៅកាន់ម៉ាឡាអ៊ីកាត់វិញថាៈ ពិតណាស់ ព្រះនានាដែលពួកយើងធ្លាប់គោរពសក្ការៈនោះបានចាកចោលពួកយើង និងអវត្តមានពីពួកយើងហើយ។ ដូច្នេះ ពួកយើងមិនដឹងថា តើពួកវានៅទីណានោះទេ។ ហើយពួកគេ(ពួកមុស្ហរីគីន)ក៏បានទទួលស្គាល់ចំពោះខ្លួនឯងថាៈ ពិតណាស់ ពួកគេគឺធ្លាប់ជាពួកដែលប្រឆាំង។ ក៏ប៉ុន្តែការទទួលស្គាល់របស់ពួកគេនៅក្នុងពេលនោះ គឺគ្រាន់តែជាភស្តុតាងដើម្បីដាក់បន្ទុកទៅលើពួកគេវិញប៉ុណ្ណោះ ហើយវាគ្មានផ្តល់ផលប្រយោជន៍អ្វីសម្រាប់ពួកគេនោះឡើយ។