ពិតប្រាកដណាស់ ពួកដែលបានបដិសេធនឹងភស្តុតាងទាំងឡាយដ៏ច្បាស់លាស់របស់យើង និងក្រអឺតក្រទមមិនព្រមគោរពតាម ព្រមទាំងក្អេងក្អាងចំពោះវានោះ ពួកគេគឺគ្មានសង្ឃឹមថានឹងទទួលបានប្រការល្អឡើយ។ ពិតប្រាកដណាស់ គេនឹងមិនបើកទ្វារមេឃាសម្រាប់ទទួលទង្វើរបស់ពួកគេឡើយដោយសារតែការប្រឆាំងរបស់ពួកគេ ហើយគេក៏មិនបើកទ្វារមេឃានេះសម្រាប់ទទួលព្រលឹងរបស់ពួកគេនោះដែរនៅពេលដែលពួកគេស្លាប់ទៅ ហើយពួកនេះនឹងមិនអាចចូលឋានសួគ៌ជាដាច់ខាត លុះត្រាតែសត្វអូដ្ឋ(ដែលជាសត្វមួយដ៏ធំ)អាចចូលក្នុងរន្ធម្ជុល(ដែលជារបស់មួយដ៏តូច)បាន។ ជាការពិតណាស់ រឿងនេះពិតជាមិនអាចទៅរួចនោះឡើយ។ ដូចនេះ ការចូលឋានសួគ៌របស់ពួកគេនោះ ក៏មិនអាចទៅរូចដូចគ្នា។ ដូចដែលការតបស្នងនេះដែរ អល់ឡោះនឹងតបស្នងចំពោះជនណាដែលបានសាងនូវបាបកម្មដ៏ធំធេង(ចំពោះទ្រង់)។