ពួកគ្មានជំនឿគ្មានរង់ចាំអ្វីក្រៅពីការធ្លាក់ទៅក្នុងទណ្ឌកម្មដ៏សែនខ្លោចផ្សាដែលគេធ្លាប់បានប្រាប់ពួកគេ(កាលនៅក្នុងលោកិយ)ដែលកិច្ចការរបស់ពួកគេនឹងត្រូវវិលត្រលប់ទៅកាន់វានៅថ្ងៃបរលោកនោះទេ។ នៅថ្ងៃដែលទណ្ឌកម្មដែលគេធ្លាប់បានប្រាប់ពួកគេ(ពួកប្រឆាំង)ពីមុន និងអ្វីដែលគេធ្លាប់បានប្រាប់ដល់បណ្តាអ្នកមានជំនឿពី(ការតបស្នង)ផលបុណ្យនោះបានមកដល់ ពួកដែលបានភ្លេចគម្ពីរគួរអាននៅក្នុងលោកិយនេះ និងមិនបានប្រតិបត្តិតាមអ្វីដែលគម្ពីរគួរអានបាននាំមកទេនោះ ពួកគេនឹងនិយាយថាៈ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារនៃម្ចាស់របស់ពួកយើងបានមកដល់ពួកយើងដោយនាំមកនូវការពិតដែលគ្មានការសង្ស័យឡើយនៅក្នុងវា ហើយក៏គ្មានការសង្ស័យដែរដែលថា វាពិតជាមកពីអល់ឡោះប្រាកដមែន។ ឱអនិច្ចាពួកយើង! តើមាននរណាម្នាក់ដែលអាចជួយអន្តរាគមន៍ដល់ពួកយើងនៅចំពោះមុខអល់ឡោះជាម្ចាស់ដើម្បីឲ្យទ្រង់លើកលែងទោស កុំដាក់ទណ្ឌកម្មពួកយើង ឬក៏ពួកយើងអាចវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញដើម្បីពួកយើងនឹងសាងនូវទង្វើកុសលនានាដែលអាចឲ្យពួកយើងរួចផុតពីទណ្ឌកម្មជំនួសទង្វើអាក្រក់ដែលពួកយើងធ្លាប់បានសាងពីមុនដែរឬទេ? ពិតប្រាកដណាស់ ពួកប្រឆាំងទាំងនោះ គឺជាពួកដែលខាតបង់ខ្លួនឯងផ្ទាល់ ដោយពួកគេបានបណ្តោយខ្លួនឲ្យធ្លាក់ចូលទៅក្នុងរណ្តៅនៃភាពអន្តរាយដោយសារតែការប្រឆាំងរបស់ពួកគេ ហើយព្រះនានាដែលពួកគេធ្លាប់បានគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះក៏បានអវត្តមាន(បាត់បង់)ពីពួកគេ។ ដូច្នេះ ពួកវា(ព្រះទាំងនោះ)មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេបានឡើយ។