Khmer Abridged Explanation of the Quran
7:69 - 7:69

តើពួកអ្នកមានការងឿងឆ្ងល់ និងចម្លែកចិត្តចំពោះការក្រើនរំលឹកពីម្ចាស់របស់ពួកអ្នកដែលបានមកដល់ពួកអ្នកតាមរយៈពាក្យសម្តីរបស់បុរសម្នាក់(ព្យាការីហ៊ូទ)ដែលជាជាតិសាសន៍របស់ពួកអ្នក ដោយគេមិនមែនជាម៉ាឡាអ៊ីកាត់ ឬជាជិន ដើម្បីគេដាស់តឿនព្រមានពួកអ្នកនោះឬ? ហើយចូរពួកអ្នកថ្លែងសរសើរម្ចាស់របស់ពួកអ្នក ព្រមទាំងថ្លែងអំណរគុណចំពោះទ្រង់ដែលទ្រង់បានឲ្យពួកអ្នកគ្រប់គ្រងភពផែនដីនេះ ហើយបានបង្កើតពួកអ្នកជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីក្រុមរបស់ព្យាការីនួហដែលអល់ឡោះបានបំផ្លាញពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ។ ហើយចូរពួកអ្នកថ្លែងអំណរគុណអល់ឡោះដែលទ្រង់បានផ្តល់ជាពិសេសដល់ពួកអ្នកឲ្យមានមាឌធំ កម្លាំងខ្លាំងក្លា និងខ្លួនប្រាណរឹងមាំ។ ហើយចូរពួកអ្នកចងចាំពីឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យដោយទទួលបាននូវអ្វីដែលពួកអ្នកប្រាថ្នា និងរួចផុតពីអ្វីដែលពួកអ្នកភ័យខ្លាច។