ដូច្នេះ យើងបានបញ្ជូនទឹកជំនន់យ៉ាងធ្ងន់ធ្ងរទៅកាន់ពួកគេ ជាទណ្ឌកម្មលើពួកគេចំពោះការបដិសេធនិងភាពចចេសរឹងរួសរបស់ពួកគេ ដោយយើងបានពន្លិចដំណាំនិងផលានុផលរបស់ពួកគេ។ ហើយយើងបានបញ្ជូនសត្វកណ្តូបទៅកាន់ពួកគេ ហើយវាក៏ស៊ី(កាត់)ដំណាំនិងផលានុផលរបស់ពួកគេ។ យើងក៏បានបញ្ជូនសត្វចៃដ៏តូចល្អិតទៅកាន់ពួកគេ ដោយវាបានធ្វើឲ្យប៉ះពាល់ដល់ដំណាំរបស់ពួកគេ ឬបង្កការរំខានដល់សក់ក្បាលរបស់មនុស្ស។ យើងក៏បានបញ្ជូនសត្វកង្កែបទៅកាន់ពួកគេ ហើយវាបានចូលទៅនៅពេញក្នុងជង្រុករបស់ពួកគេ និងបានបំផ្លាញម្ហូបអាហាររបស់ពួកគេ ព្រមទាំងរំខានពួកគេមិនអាចឲ្យពួកគេគេងបាន។ ហើយយើងបានបញ្ជូនឈាមទៅកាន់ពួកគេ ដោយវាបានធ្វើឲ្យទឹកអណ្តូងនិងទឹកទន្លេរបស់ពួកគេប្រែទៅជាឈាម។ យើងបានបញ្ជូនសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទាំងនេះទៅកាន់ពួកគេដាច់ដោយឡែកពីគ្នា ដោយវាបានមកបន្តបន្ទាប់គ្នា។ ព្រមជាមួយនឹងទណ្ឌកម្មដែលពួកគេបានជួបប្រទះទាំងនេះហើយក៏ដោយ ក៏ពួកគេនៅតែក្រអឺតក្រទមមិនព្រមមានជំនឿចំពោះអល់ឡោះជាម្ចាស់ និងមិនជឿជាក់ចំពោះអ្វីដែលព្យាការីមូសាបាននាំមកនោះដដែល ហើយពួកគេ គឺជាក្រុមដែលប្រព្រឹត្តល្មើស។ ពួកគេមិនព្រមបោះបង់នូវប្រការដែលមិនត្រឹមត្រូវចោលនោះទេ ហើយពួកគេក៏មិនទទួលបានការចង្អុលបង្ហាញទៅកាន់ការពិតនោះដែរ។