នៅពេលដែលព្យាការីមូសាបានវិលត្រឡប់ពីការសន្ទនាជាមួយម្ចាស់របស់គាត់ទៅជួបក្រុមរបស់គាត់វិញ រូបគាត់ពោរពេញទៅដោយការខឹងសម្បារ និងទុក្ខព្រួយចំពោះពួកគេនៅពេលដែលគាត់បានឃើញក្រុមរបស់គាត់កំពុងតែគោរពសក្ការៈទៅចំពោះរូបសំណាក់កូនគោ ហើយគាត់ក៏បាននិយាយថាៈ ស្ថានភាពរបស់ពួកអ្នក(ឱក្រុមរបស់ខ្ញុំ)ដែលធ្វើផ្ទុយនឹងបទបញ្ជារបស់ខ្ញុំ បន្ទាប់ពីខ្ញុំបានចាកចេញ(អវត្តមាន)ពីពួកអ្នកនោះ គឺអាក្រក់ជាទីបំផុត ព្រោះថាទង្វើបែបនេះ នឺងទៅរកភាពអន្តរាយនិងអពមង្គល។ តើពួកអ្នកធុញទ្រាន់ក្នុងការរង់ចាំខ្ញុំឬបានជាពួកអ្នកប្រញាប់ប្រញាល់នាំគ្នាគោរពសក្ការៈចំពោះរូបសំណាក់កូនគោដូច្នេះ? ព្យាការីមូសាបានគ្រវែងផែនចារិក(គម្ពីរតាវរ៉ត)នោះចោលព្រោះតែកំហឹងដ៏ខ្លាំង និងទុក្ខព្រួយដែលគាត់បានជួបនោះ ហើយគាត់ក៏បានចាប់ទាញសក់ក្បាល និងពុកចង្កាបងប្រុសរបស់គេ គឺព្យាការីហារូន មកជិត ដោយសារគាត់(ព្យាការីហារូន)បានស្ថិតនៅជាមួយពួកគេដែរ តែគាត់មិនបានហាមឃាត់ក្រុមរបស់គាត់(មិនឲ្យគោរពរូបសំណាក់កូនគោ)នៅពេលដែលគាត់បានឃើញពួកគេគោរពសក្ការៈចំពោះរូបសំណាក់កូនគោនោះ។ ព្យាការីហារូនក៏បានពោលទៅកាន់ព្យាការីមូសាដោយសុំការអធ្យាស្រ័យពីព្យាការីមូសាដើម្បីឲ្យគាត់ស្ងប់ចិត្តថាៈ ឱប្អូនប្រុសរបស់ខ្ញុំ! ពិតប្រាកដណាស់ ក្រុមនេះបានចាត់ទុកខ្ញុំជាមនុស្សទន់ខ្សោយដោយពួកគេបានមើលស្រាលចំពោះខ្ញុំ ហើយពួកគេស្ទើរតែសម្លាប់ខ្ញុំទៅទៀត(នៅពេលដែលខ្ញុំហាមឃាត់ពួកគេមិនឲ្យគោរពសក្ការៈរូបសំណាក់កូនគោនោះ)។ ដូចនេះ ចូរអ្នកកុំដាក់ទោសចំពោះខ្ញុំនូវទណ្ឌកម្មណាមួយដែលនាំឲ្យសត្រូវរបស់ខ្ញុំសប្បាយរីករាយ ហើយកុំដោយសារតែកំហឹងរបស់អ្នកមកលើខ្ញុំ ធ្វើឲ្យអ្នកចាត់ទុកខ្ញុំស្ថិតក្នុងចំណោមក្រុមបំពានដែលគោរពសក្ការៈចំពោះម្ចាស់ផ្សេងក្រៅពីអល់ឡោះជាម្ចាស់ឲ្យសោះ។