Khmer Abridged Explanation of the Quran
7:156 - 7:156

ហើយសូមទ្រង់មេត្តាចាត់ឲ្យពួកយើងស្ថិតក្នុងចំណោមអ្នកដែលទ្រង់បានលើកតម្កើងពួកគេនៅក្នុងឆាកជីវិត(លោកិយ)នេះដោយការប្រទាននូវឧបការគុណផ្សេងៗ ភាពសុខសាន្ត ហើយនិងចង្អុលបង្ហាញពួកគេឲ្យសាងនូវទង្វើកុសលនានា និងស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលសាងទង្វើកុសលដែលទ្រង់បានរៀបចំឋានសួគ៌សម្រាប់ពួកគេនាថ្ងៃបរលោកផងចុះ។ ពិតប្រាកដណាស់ ពួកយើងសូមសារភាពកំហុសចំពោះទ្រង់ ព្រមទាំងវិលត្រឡប់ទៅកាន់ទ្រង់ដោយទទួលស្គាល់ពីភាពខ្វះចន្លោះរបស់ពួកយើង(ក្នុងការគោរពប្រតិបត្តិចំពោះទ្រង់)។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថាៈ ទណ្ឌកម្មរបស់យើងគឺនឹងធ្លាក់ទៅលើជនណាដែលយើងមានចេតនាក្នុងចំណោមអ្នកដែលធ្វើនូវមូលហេតុទាំងឡាយដែលនាំទៅរកភាពអពមង្គល។ ចំណែកឯក្តីមេត្តាករុណារបស់យើងវិញ គឺជ្រួតជ្រាបលើអ្វីៗទាំងអស់ក្នុងលោកិយនេះ។ ដូចនេះ គ្មានម៉ាខ្លូកណាមួយរបស់យើងដែលក្តីមេត្តាករុណារបស់អល់ឡោះមិនបានទៅដល់គេនោះទេ។ ហើយភាពសប្បុរស និងការប្រោសប្រទានរបស់ទ្រង់ គឺគ្របដណ្តប់លើអ្វីៗទាំងអស់។ ហើយយើង(អល់ឡោះ)នឹងកំណត់ក្តីមេត្តាករុណារបស់យើងនាថ្ងៃបរលោកសម្រាប់ជនណាដែលកោតខ្លាចអល់ឡោះជាម្ចាស់តាមរយៈការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីរាល់បម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ និងចំពោះជនណាដែលបានបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេទៅកាន់អ្នកដែលមានសិទ្ធិទទួលវា ព្រមទាំងអ្នកដែលមានជំនឿនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើង។