ហើយព្យាការីមូសាបានជ្រើសរើសពីក្នុងចំណោមក្រុមរបស់គាត់នូវបុរសដែលល្អៗ(មនុស្សល្អដែលជាបុរស)ចំនួនចិតសិបនាក់ដើម្បីឲ្យពួកគេសុំការអធ្យាស្រ័យពីម្ចាស់របស់ពួកគេចំពោះទង្វើល្ងង់ខ្លៅដែលក្រុមរបស់ពួកគេបានប្រព្រឹត្តដោយបានគោរពសក្ការៈចំពោះរូបសំណាក់កូនគោនោះ ហើយអល់ឡោះទ្រង់បានកំណត់កន្លែងដែលពួកគេត្រូវមកជួបជុំគ្នា។ នៅពេលដែលពួកគេបានមកដល់(កន្លែងជួបជុំ) ពួកគេក៏មានភាពក្អេងក្អាងទៅលើអល់ឡោះ ហើយពួកគេបានស្នើសុំព្យាការីមូសាឲ្យអល់ឡោះជាម្ចាស់បង្ហាញខ្លួនឲ្យពួកគេបានឃើញផ្ទាល់នឹងភ្នែក។ ពេលនោះ ការរញ្ជួយដីក៏បានឆក់យកជីវិតរបស់ពួកគេ ហើយពួកគេក៏បានដួលសន្លប់ដោយសារតែភាពរន្ធត់របស់វា ហើយពួកគេក៏បានស្លាប់។ នៅពេលនោះ ព្យាការីមូសាក៏បានអង្វរករចំពោះម្ចាស់របស់គាត់ ហើយគាត់បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ប្រសិនបើទ្រង់មានចេតនាបំផ្លាញពួកគេនិងបំផ្លាញខ្ញុំរួមជាមួយនឹងពួកគេមុនពេលដែលពួកគេបានមកដល់នោះ ទ្រង់នឹងបំផ្លាញពួកគេជាមិនខាន។ តើទ្រង់បំផ្លាញពួកយើង ដោយសារតែអ្វីដែលពួកល្ងង់ខ្លៅក្នុងចំណោមពួកយើងបានប្រព្រឹត្តនោះឬ? ការដែលក្រុមរបស់ខ្ញុំគោរពសក្ការៈចំពោះរូបសំណាក់កូនគោនោះ គឺគ្មានអ្វីក្រៅពីជាការសាកល្បងរបស់ទ្រង់ដែលទ្រង់ធ្វើឲ្យវង្វេងដោយសារវាចំពោះជនណាដែលទ្រង់មានចេតនា ហើយចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនានោះឡើយ។ ទ្រង់គឺជាអ្នកគ្រប់គ្រងកិច្ចការរបស់ពួកយើង។ ដូចនេះ សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ពួកយើង ព្រមទាំងអាណិតស្រឡាញ់ចំពោះពួកយើងដោយក្តីមេត្តាករុណាដ៏ទូលំទូលាយរបស់ទ្រង់ផងចុះ។ ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលអភ័យទោសដ៏ប្រសើរបំផុត ហើយជាអ្នកអធ្យាស្រ័យរាល់បាបកម្មទាំងឡាយ។