ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកទាំងអស់គ្នា ទាំងអ្នកដែលជាជនជាតិអារ៉ាប់ និងទាំងអ្នកដែលមិនមែនជាជនជាតិអារ៉ាប់ ដែលអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់។ ទ្រង់ជាអ្នកដែលធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ និងធ្វើឲ្យអ្នកដែលមានជីវិតស្លាប់បាន។ ដូច្នេះ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មានជំនឿចំពោះអល់ឡោះជាម្ចាស់ និងមានជំនឿចំពោះព្យាការីមូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ ដែល(គាត់)ជាព្យាការីម្នាក់មិនចេះអាននិងមិនចេះសរសេរ។ តាមពិត គាត់បានមកដល់ដោយនាំមកនូវវ៉ាហ៊ីដែលម្ចាស់របស់គាត់បានផ្តល់ទៅកាន់គាត់ ជាអ្នកដែលមានជំនឿលើអល់ឡោះ និងមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះទៅកាន់គាត់ ព្រមទាំងមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះទៅកាន់ព្យាការីជំនាន់មុនគាត់ដោយគ្មានការបែងចែកឡើយ។ ហើយចូរពួកអ្នកប្រតិបត្តិតាមនូវអ្វីដែលគាត់បាននាំមកពីម្ចាស់របស់គាត់ សង្ឃឹមថា ពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញទៅកាន់អ្វីដែលល្អប្រសើរសម្រាប់ពួកអ្នកទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។