Khmer Abridged Explanation of the Quran
7:157 - 7:157

គឺបណ្តាអ្នកដែលដើរតាមព្យាការីមូហាំម៉ាត់ដែលជាអនក្ខរជនម្នាក់ដែលមិនចេះអាន និងមិនចេះសរសេរ ហើយតាមពិត គឺម្ចាស់របស់គាត់បានវ៉ាហ៊ីទៅកាន់គាត់ប៉ុណ្ណោះ។ ហើយគាត់(ព្យាការីមូហាំម៉ាត់) គឺជាអ្នកដែលពួកគេ(ពួកអះលីគីតាប)បានប្រទះឃើញឈ្មោះរបស់គាត់ លក្ខណៈសម្បត្តិរបស់គាត់ ហើយនិងអ្វីដែលគេ(អល់ឡោះ)បានបញ្ចុះទៅកាន់គាត់នោះ ត្រូវបានកត់ត្រានៅក្នុងគម្ពីរតាវរ៉តដែលត្រូវបានគេបញ្ចុះទៅកាន់ព្យាការីមូសា និងគម្ពីរអ៊ិញជីលដែលត្រូវបានគេបញ្ចុះទៅកាន់ព្យាការីអ៊ីសា។ គាត់បញ្ជាប្រើពួកគេឲ្យសាងអំពើល្អ និងហាមឃាត់ពួកគេពីទង្វើអាក្រក់ ដែលសតិប្រាជ្ញាស្មារតី និងនិស្ស័យពីកំណើតដែលអល់ឡោះបង្កើតមកទទួលស្គាល់(ថាវាពិតជាអាក្រក់មែន) ហើយអនុញ្ញាតឲ្យពួកគេនូវរបស់ល្អៗដែលមិនផ្តល់គ្រោះថ្នាក់ មិនថាម្ហូបអាហារ ភេសជ្ជៈ និងការរៀបការនោះទេ។ ហើយគាត់ក៏បានហាមឃាត់ពួកគេផងដែរនូវរបស់ដែលអាក្រក់ ព្រមទាំងលុបបំបាត់ចោលនូវបន្ទុកដ៏ធ្ងន់ធ្ងរ(កាតព្វកិច្ច)ទាំងឡាយដែលគេធ្លាប់បានដាក់បន្ទុកទៅលើពួកគេកាលពីមុន ដូចជាចាំបាច់ត្រូវតែសម្លាប់ឃាតករវិញបើទោះបីជាការសម្លាប់(ឃាតកម្ម)នោះដោយចេតនាឬអចេតនាក៏ដោយ។ ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿចំពោះគាត់(ព្យាការីមូហាំម៉ាត់)ក្នុងចំណោមអម្បូរអ៊ីស្រាអែលនិងអ្នកផ្សេងពីពួកគេ ហើយបានលើកតម្កើងគាត់ ព្រមទាំងជួយដល់គាត់ប្រឆាំងនឹងសត្រូវរបស់គាត់ដែលជាពួកគ្មានជំនឿ ហើយពួកគេអនុវត្តតាមគម្ពីរគួរអានដែលគេបានបញ្ចុះទៅលើគាត់ដែលវាប្រៀបបាននឹងពន្លឺដែលបង្ហាញផ្លូវនោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលជោគជ័យដែលពួកគេនឹងទទួលបាននូវអ្វីដែលពួកគេប្រាថ្នា និងចាកឆ្ងាយពីអ្វីដែលពួកគេរត់គេច។