ហើយយើងបានបំបែកអម្បូរអ៊ីស្រាអែលទៅជា១២កុលសម្ព័ន្ធ។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសានៅពេលដែលក្រុមរបស់គេបានស្នើសុំគេឲ្យបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យផ្តល់ទឹកដល់ពួកគេថាៈ ចូរអ្នក(ឱព្យាការីមូសា)វាយថ្មនឹងដំបងរបស់អ្នកចុះ។ ពេលនោះ ព្យាការីមូសាក៏បានវាយថ្មនោះ។ ដូចនេះ ថ្មនោះក៏បានបាញ់ទឹកចេញជា១២រន្ធទៅតាមចំនួនកុលសម្ព័ន្ធទាំង១២ដែលមាននោះ។ ពិតប្រាកដណាស់ រាល់កុលសម្ព័ន្ធនីមួយៗនៃពួកគេបានដឹងពីកន្លែងផឹកទឹកដាច់ដោយឡែករបស់ពួកគេរៀងៗខ្លួន ដោយក្រុមនីមួយៗមិនចូលរួមជាមួយនឹងកុលសម្ព័ន្ធផ្សេងទៀតនោះទេ(ក្នុងការផឹកទឹកនោះ)។ ហើយយើងបានធ្វើឲ្យមានពពកបាំងជាម្លប់ពីលើពួកគេ ដោយវាបានរសាត់ហើយឈប់នៅតាមកន្លែងរបស់ពួកគេ។ ហើយយើងបានបញ្ចុះទៅកាន់ពួកគេនូវឧបការគុណរបស់យើង គឺភេសជ្ជៈដែលមានជាតិផ្អែមដូចជាទឹកឃ្មុំ និងសត្វក្រួចដែលមានរស់ជាតិឆ្ងាញ់។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកទទួលទាននូវចំណីអាហារល្អៗដែលយើងបានផ្តល់ឲ្យពួកអ្នកចុះ។ ហើយការបំពាន និងការរមិលគុណរបស់ពួកគេចំពោះឧបការគុណរបស់យើងនោះ មិនបានធ្វើឲ្យយើងខាតបង់អ្វីបន្តិចនោះឡើយ ហើយវាក៏មិនបានហាមឃាត់ពីការកំណត់របស់ទ្រង់ដែលទ្រង់បានកំណត់រួចនោះដែរ។ ក៏ប៉ុន្តែ ពួកគេគឺជាពួកដែលបំពានលើខ្លួនឯងតាមរយៈធ្វើឲ្យខាតបង់នូវលាភសំណាងរបស់ពួកគេខណៈដែលពួកគេបានបណ្តោយខ្លួនធ្លាក់ទៅក្នុងរណ្តៅនៃភាពវិនាសអន្តរាយដោយសារតែពួកគេបានប្រព្រឹត្តផ្ទុយពីបទបញ្ជារបស់អល់ឡោះ និងរមិលគុណចំពោះឧបការគុណទាំងឡាយដែលអល់ឡោះជាម្ចាស់បានប្រទានចំពោះពួកគេ។