ហើយប្រសិនបើយើងមានចេតនាផ្តល់ប្រយោជន៍ដល់រូបគេ(បុរសនោះ)តាមរយៈបណ្តាភស្តុតាងទាំងនោះ យើងប្រាកដជានឹងលើកតម្កើងរូបគេតាមរយៈសញ្ញាភស្តុតាងទាំងនោះដោយចង្អុលបង្ហាញរូបគេឲ្យអនុវត្តតាមវា ហើយរូបគេនឹងបានខ្ពង់ខ្ពស់ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកជាមិនខាន។ ក៏ប៉ុន្តែ រូបគេបានជ្រើសរើសអ្វីដែលនាំរូបគេទៅកាន់ភាពបរាជ័យ ខណៈដែលរូបគេទោរទន់ទៅរកចំណង់តណ្ហាលោកិយ ដែលជាហេតុធ្វើឲ្យលោកិយរបស់គេមានឥទ្ធិពលទៅលើបរលោករបស់គេ ព្រមទាំងគេបានដើរតាមទំនើងចិត្តរបស់ខ្លួនដែលនាំទៅរកប្រការខុសឆ្គងទៅវិញ។ ដូច្នេះ បុគ្គលដែលយកចិត្តទុកដាក់ទៅលើលោកិយខ្លាំងបែបនេះ គឺប្រៀបដូចជាសត្វឆ្កែមួយក្បាលដែលតែងតែលៀនអណ្តាតរបស់វាគ្រប់ស្ថានភាពទាំងអស់ ដែលទោះបីជាអ្នកដេញវា ក៏វាលៀនអណ្តាត ទោះបីជាអ្នកលែងវាចោល ក៏វានៅតែលៀនអណ្តាតដូច្នោះដែរ។ ការប្រៀបធៀបខាងលើនេះហើយ គឺជាការប្រៀបធៀបចំពោះក្រុមដែលវង្វេងដោយពួកគេបដិសេធនឹងបណ្តាភស្តុតាងរបស់យើង(អល់ឡោះ)។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានរឿងរ៉ាវទាំងនោះប្រាប់ពួកគេ(អម្បូរអ៊ីស្រាអែល)ចុះ សង្ឃឹមថា ពួកគេចេះគិតពិចារណា ហើយបោះបង់ចោលការបដិសេធនិងភាពវង្វេងដែលពួកគេកំពុងតែមាននោះ។