Khmer Abridged Explanation of the Quran
7:179 - 7:179

ហើយជាការពិតណាស់ យើងបានបង្កើតភាគច្រើននៃពពួកជិន និងមនុស្សលោកសម្រាប់ដាក់ក្នុងនរកជើហាន់ណាំ ដោយសារតែយើងបានដឹងថា ពិតណាស់ ពួកគេនឹងសាងទង្វើរបស់ពួកដែលចូលឋាននរក។ ពួកគេមានចិត្ត តែពួកគេមិនយកវាមកពិចារណាដើម្បីដឹងថា តើអ្វីដែលនាំមកនូវផលប្រយោជន៍និងអ្វីដែលនាំមកនូវគ្រោះថ្នាក់ចំពោះពួកគេឡើយ។ ពួកគេមានភ្នែក ប៉ុន្តែពួកគេមិនបានយកភ្នែករបស់ពួកគេមើលសញ្ញាភស្តុតាងរបស់អល់ឡោះដែលមាននៅក្នុងខ្លួនរបស់ពួកគេនិងក្នុងពិភពលោកនេះ ដោយយកវាជាមេរៀននោះឡើយ។ ពួកគេមានត្រចៀក តែពួកគេមិនយកវាមកស្តាប់វាក្យខណ្ឌទាំងឡាយរបស់អល់ឡោះ និងពិចារណាចំពោះអ្វីដែលមាននៅក្នុងវានោះឡើយ។ ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកគេប្រៀបដូចជាសត្វពាហនៈដែលគ្មានសតិបញ្ញាដូច្នោះដែរ តែផ្ទុយទៅវិញ ពួកគេគឺវង្វេងជាងសត្វពាហនៈទាំងនោះទៅទៀត។ ពួកទាំងនោះ គឺជាពួកដែលធ្វេសប្រហែសពីការមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក។