ពួកបដិសេធដែលចចេសរឹងរូសទាំងនោះនឹងសួរអ្នកអំពីថ្ងៃបរលោក ថាតើពេលណាទើបវាកើតឡើង? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំគ្មានចំណេះដឹងអ្វីអំពីវានោះឡើយ ហើយអ្នកផ្សេងទៀតក៏មិនបានដឹង(អំពីពេលវេលារបស់វា)ដូចគ្នាដែរ។ តាមពិត អ្នកដែលមានចំណេះដឹងពីបញ្ហានេះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ គ្មាននរណាម្នាក់ដែលដឹងពីពេលវេលាកំណត់របស់វា(ថាកើតឡើងនៅពេលណា)នោះឡើយ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់លាក់បាំងវាមិនឲ្យនរណាម្នាក់បានដឹងនោះឡើយមិនថាអ្នកដែលនៅលើមេឃ ឬអ្នកដែលនៅលើផែនដីនោះទេ ដោយវានឹងមកដល់ដល់ពួកអ្នកភ្លាមៗ។ ពួកគេសួរអ្នកពីថ្ងៃបរលោកនេះហាក់បីដូចជាអ្នកដឹងច្បាស់អំពីវា ហើយពួកគេមិនបានដឹងទេថា ពិតណាស់អ្នកមិនបានសួរអំពីវា(ថ្ងៃបរលោក)នោះទេដោយសារតែភាពពេញលេញនៃចំណេះដឹងរបស់អ្នកចំពោះម្ចាស់របស់អ្នក។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ជាការពិតណាស់ ការដឹងពីបញ្ហាថ្ងៃបរលោកនោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនបានដឹងដូចនេះនោះឡើយ។