Khmer Abridged Explanation of the Quran
7:189 - 7:189

ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱបុរសនិងស្ត្រីទាំងឡាយ)ចេញពីមនុស្សតែម្នាក់គត់ គឺព្យាការីអាហ្ទាំ ហើយទ្រង់បានបង្កើតចេញពីព្យាការីអាហ្ទាំនោះនូវភរិយារបស់គេ គឺហាវ៉ាក។ ទ្រង់បានបង្កើតនាងចេញពីឆ្អឺងជំនីរបស់គាត់(អាហ្ទាំ)ដើម្បីឲ្យគាត់មានភាពរីករាយ និងស្ងប់ចិត្តជាមួយនាង។ នៅពេលដែលគាត់បានរួមភេទជាមួយនាង នាងក៏មានផ្ទៃពោះនូវការពពោះមួយដ៏ស្រាលដោយនាងគ្មានអារម្មណ៍ថាមានផ្ទៃពោះនោះទេ ពីព្រោះនាងទើបតែចាប់ផ្តើមមានផ្ទៃពោះ។ ហើយនាងនៅតែបន្តពពោះបែបនេះ ដោយនាងអាចបំពេញនូវសេចក្តីត្រូវការផ្សេងៗរបស់នាងដោយគ្មានអារម្មណ៍ថាធ្ងន់នោះឡើយ។ នៅពេលដែលពោះរបស់នាងកាន់តែធំ នាងក៏មានអារម្មណ៍ថាធ្ងន់ (ពេលនោះ)គេទាំងពីរក៏បានបួងសួងសុំពីម្ចាស់របស់ពួកគេទាំងពីរថាៈ ប្រសិនបើទ្រង់(ឱម្ចាស់របស់ពួកយើង)ប្រទានឲ្យពួកយើងនូវកូនដ៏ល្អម្នាក់ដោយបង្កើតគេឲ្យមានលក្ខណៈពេញលេញនោះ ពួកយើងពិតជានឹងក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់ជាមិនខាន។