បណ្តាមិត្តភក្តិ(សហាហ្ពាត់)របស់អ្នកនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីទ្រព្យជ័យភណ្ឌ ថាតើត្រូវបែងចែកវាដោយរបៀបណា? ហើយតើបែងចែកទៅឲ្យនរណាខ្លះ? ចូរអ្នក(ឱអ្នកនាំសារ)ឆ្លើយតបទៅពួកគេវិញចុះថាៈ ទ្រព្យជ័យភណ្ឌទាំងនោះ គឺសម្រាប់អល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់ ហើយត្រូវបែងចែកនិងចំណាយវាសម្រាប់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ដូចនេះ តួនាទីរបស់ពួកអ្នក គ្មានអ្វីក្រៅពីការគោរពតាមនិងទទួលយកនោះទេ។ ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កោតខ្លាចអល់ឡោះជាម្ចាស់(ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់)។ ហើយចូរពួកអ្នកផ្សះផ្សារវាងពួកអ្នកចំពោះការកាត់ផ្តាច់(ទំនាក់ទំនង) និងការបែរខ្នងដាក់គ្នា(មិននិយាយរកគ្នា) ដោយការស្រឡាញ់រាប់អាន ភ្ជាប់ទំនាក់ទំនងនឹងគ្នា សីលធម៌ល្អប្រពៃ និងការចេះអធ្យាស្រ័យដល់គ្នា។ ហើយចូរប្រកាន់ខ្ជាប់នឹងកាគោរពប្រតិបត្តិអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ប្រសិនបើពួកអ្នកគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដមែននោះ ពីព្រោះជំនឿ គឺត្រូវភ្ជាប់ជាមួយនឹងការគោរពប្រតិបត្តិនិងការចាកឆ្ងាយពីអំពើល្មើសនានា។ ហើយសំណួរនេះ គឺកើតមានឡើងក្រោយពីសង្គ្រាមហ្ពាហ្ទើរបានកើតឡើង។