ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ជ្រាបចុះថាៈ ជាការពិតណាស់ ទ្រព្យជ័យភណ្ឌដែលពួកអ្នករឹបអូសបានពីពួកប្រឆាំងក្នុងពេលធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះនោះ គឺត្រូវបែងចែកទៅជាប្រាំភាគប្រាំ(៥/៥) ដោយក្នុងនោះ បួនភាគប្រាំ(៤/៥) គឺត្រូវបែងចែកទៅឲ្យអ្នកដែលចូលរួមតស៊ូប្រយុទ្ធ និងមួយភាគប្រាំ(១/៥)ដែលនៅសល់ គឺត្រូវបែងចែកទៅជាប្រាំចំណែកទៀតគឺ៖ មួយចំណែកសម្រាប់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់សម្រាប់ចំណាយលើកិច្ចការទូទៅរបស់អ្នកឥស្លាម មួយចំណែកទៀតសម្រាប់សាច់ញាតិរបស់ព្យាការីមូហាំម៉ាត់នៃអម្បូរហាសឹមនិងអម្បូរអាល់មុតឡឹប មួយចំណែកទៀតសម្រាប់កូនកំព្រា(កំព្រាឪពុក) មួយចំណែកទៀតសម្រាប់អ្នកក្រីក្រនិងទុគ៌តជន និងមួយចំណែកទៀតសម្រាប់អ្នកដំណើរដែលដាច់ស្បៀង ប្រសិនបើពួកអ្នកមានជំនឿចំពោះអល់ឡោះនិងមានជំនឿចំពោះអ្វីដែលយើងបានបញ្ចុះទៅកាន់ខ្ញុំបម្រើរបស់យើង គឺព្យាការីមូហាំម៉ាត់ នៅថ្ងៃសមរភូមិហ្ពាហ្ទើរ ជាថ្ងៃដែលអល់ឡោះទ្រង់បានបែងចែករវាងខុសនិងត្រូវ ខណៈដែលទ្រង់បានជួយពួកអ្នកឲ្យយកឈ្នះលើសត្រូវរបស់ពួកអ្នកមែននោះ។ ហើយអល់ឡោះជាម្ចាស់ដែលបានជួយពួកអ្នកនោះ ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។