ហើយចូរពួកអ្នកចងចាំ នៅពេលដែលពួកអ្នកនៅជិតជ្រុងម្ខាងនៃជ្រលងដែលស្ថិតនៅផ្នែកខាងក្រុងម៉ាទីណះ ហើយពួកមុស្ហរីគីនស្ថិតនៅជ្រុងម្ខាងទៀតឆ្ងាយពីជ្រលងដែលនៅប៉ែកខាងក្រុងម៉ាក្កះ។ ចំណែកឯក្រុមសត្វអូដ្ឋដឹកទំនិញវិញ គឺស្ថិតនៅកន្លែងដែលទាបជាងពួកអ្នក ដោយស្ថិតនៅប៉ែកខាងឆ្នេរសមុទ្រក្រហម។ ហើយទោះបីជាពួកអ្នកនិងពួកមុស្ហរីគីនសន្យា(ណាត់គ្នា)ថានឹងជួបគ្នានៅឯតំបន់ហ្ពាហ្ទើរក៏ដោយ ក៏ពួកអ្នកមិនអាចជួបគ្នាបានដែរ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់បានប្រមូលផ្តុំរវាងពួកអ្នក(ទាំងពីរក្រុម)នៅឯតំបន់ហ្ពាហ្ទើរដោយគ្មានការសន្យា(ណាត់គ្នា)ជាមុន ដើម្បីទ្រង់បំពេញនូវកិច្ចការដែលបានកំណត់រួច នោះគឺការជួយដល់បណ្តាអ្នកមានជំនឿឲ្យទទួលជ័យជំនះ ហើយធ្វើឲ្យពួកគ្មានជំនឿទទួលបរាជ័យ ដើម្បីឲ្យពួកដែលប្រឆាំងនឹងភស្តុតាងដ៏ច្បាស់លាស់ដែលបានមកដល់ពួកគេកាន់តែប្រឆាំង និងដើម្បីឲ្យអ្នកដែលបានជឿនឹងភស្តុតាងដ៏ច្បាស់លាស់កាន់តែមានជំនឿថែមទៀត។ ហើយអល់ឡោះមហាលឺនូវរាល់ពាក្យសម្តីទាំងអស់ ហើយទ្រង់មហាដឹងនូវរាល់ទង្វើរបស់ពួកគេ។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេបានសាង។