ពេលនេះ អល់ឡោះជាម្ចាស់ទ្រង់បានសម្រាលដល់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដោយសារតែទ្រង់បានដឹងពីភាពទន់ខ្សោយរបស់អ្នក។ ដូច្នេះ ទ្រង់ក៏បានបន្ធូរបន្ថយដល់ពួកអ្នក ជាភាពទន់ភ្លន់(មេត្តាករុណា)របស់ទ្រង់ចំពោះពួកអ្នក។ ដូចនេះ ទ្រង់បានដាក់កាតព្វកិច្ចលើម្នាក់ៗក្នុងចំណោមពួកអ្នក គឺត្រូវប្រឈមមុខនឹងពួកប្រឆាំងចំនួនពីរនាក់ជំនួសឲ្យដប់នាក់វិញ។(កាលពីមុន អ្នកមានជំនឿម្នាក់ត្រូវប្រឈមមុខនឹងពួកគ្មានជំនឿចំនួនដប់នាក់)។ ហេតុនេះ ប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយរយនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នាពីររយនាក់បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយពាន់នាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នាពីរពាន់នាក់បានដោយការអនុញ្ញាតពីអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលអត់ធ្មត់ក្នុងចំណោមអ្នកមានជំនឿតាមរយៈការគាំទ្រ និងការជួយ។