ជាការពិតណាស់ បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងជឿជាក់ចំពោះអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់ ហើយពួកគេបានចំណាកស្រុកចេញពីទឹកដីដែលគ្មានជំនឿទៅកាន់ទឺកដីឥស្លាម ឬទៅកាន់កន្លែងដែលគេអាចគោរពសក្ការៈចំពោះអល់ឡោះដោយសុវត្ថិភាព ហើយពួកគេបានតស៊ូដោយចំណាយទាំងទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេដើម្បីលើកកម្ពស់បន្ទូលរបស់អល់ឡោះ ហើយនិងបណ្តាអ្នកដែលបានផ្តល់ទីជម្រកដល់ពួកគេ និងបានជួយដល់ពួកគេនោះ អ្នកទាំងនោះ ពោលគឺទាំងអ្នកដែលបានធ្វើចំណាកស្រុក និងអ្នកដែលបានជួយដល់ពួកគេ(អ្នកម្ចាស់ស្រុក) គឺជាសម្ព័ន្ធមិត្តនឹងគ្នាដែលជួយគាំទ្រគ្នាទៅវិញទៅមក។ រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ តែពួកគេមិនបានធ្វើចំណាកស្រុកពីទឹកដីដែលគ្មានជំនឿទៅកាន់ទឹកដីឥស្លាមទេនោះ គឺគ្មានកាតព្វកិច្ចលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក្នុងការជួយនិងការពារពួកគេនោះទេ លុះត្រាតែពួកគេធ្វើការភៀសខ្លួន(ចំណាកស្រុក)ក្នុងមាគ៌ារបស់អល់ឡោះដែរ។ ហើយប្រសិនបើពួកប្រឆាំងបានបំពានទៅលើពួកគេ ហើយពួកគេសុំការជួយពីពួកអ្នកនោះ ដូច្នេះ ចូរពួកអ្នកជួយពួកគេទប់ទល់នឹងសត្រូវរបស់ពួកគេចុះ លើកលែងតែរវាងពួកអ្នកនិងសត្រូវរបស់ពួកគេ(អ្នកមានជំនឿដែលសុំឲ្យអ្នកជួយ)នោះ មានកិច្ចព្រមព្រៀងដែលពួកគេមិនទាន់បានរំលាយកិច្ចព្រមព្រៀងនោះនៅឡើយ។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកនូវអ្វីដែលពួកអ្នកបានសាង។