ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ឲ្យទទួលបានជ័យជម្នះទៅលើពួកមុស្ហរីគីនក្នុងសមរភូមិជាច្រើន ទោះបីជាពួកអ្នកមានគ្នាតិចនិងគ្រឿងសព្វាវុធទន់ខ្សោយក៏ដោយ នៅពេលដែលពួកអ្នកប្រគល់ខ្លួនចំពោះអល់ឡោះ ព្រមទាំងប្រកាន់យកនូវមូលហេតុទាំងឡាយ(ដែលនាំឲ្យទទួលជោគជ័យ)។ ហើយពួកអ្នកមិនត្រូវមានមោទនភាពនឹងចំនួនដ៏ច្រើនរបស់ពួកអ្នកនោះទេ ពីព្រោះចំនួន(ទ័ព)ដ៏ច្រើនរបស់ពួកអ្នកនោះ មិនមែនជាមូលហេតុដែលនាំឲ្យពួកអ្នកទទួលបានជ័យជម្នះលើពួកគេនោះទេ។ រីឯនៅថ្ងៃសមរភូមិហ៊ូណែនវិញ នៅពេលដែលកងទ័ពជាច្រើនរបស់ពួកអ្នកបានធ្វើឲ្យពួកអ្នកមានមោទនភាព ដោយពួកអ្នកបានពោលថាៈ នៅថ្ងៃនេះ ពួកយើងនឹងមិនទទួលបរាជ័យដោយសារតែពួកយើងមានគ្នាតិចទៀតនោះទេ។ ក៏ប៉ុន្តែ ចំនួនទ័ពដ៏ច្រើនរបស់ពួកអ្នកដែលធ្វើឲ្យពួកអ្នកមានមោទនភាពនោះ មិនបានផ្តល់ផលប្រយោជន៍អ្វីបន្តិចដល់ពួកអ្នកនោះឡើយ។ ដូច្នេះ សត្រូវរបស់ពួកអ្នកក៏បានយកឈ្នះលើពួកអ្នក ហើយផែនដីដែលធ្លាប់តែមានភាពទូលំទូលាយនោះ បែរជាមានភាពចង្អៀតសម្រាប់ពួកអ្នក។ ក្រោយមក ពួកអ្នកបានរត់បកក្រោយចេញពីសត្រូវរបស់ពួកអ្នកដោយភាពបរាជ័យ។