ជាការពិតណាស់ ចំនួនខែក្នុងមួយឆ្នាំនៅក្នុងច្បាប់របស់អល់ឡោះ និងនៅក្នុងការកំណត់របស់ទ្រង់នោះ គឺមានចំនួនដប់ពីរខែ ហើយដែលអល់ឡោះបានចារទុកនៅក្នុងឡាវហ៊ុលម៉ះហ៊្វូសតាំងពីថ្ងៃដំបូងដែលទ្រង់បានបង្កើតមេឃនិងផែនដីមកម្លេះ។ ក្នុងចំណោមខែទាំងដប់ពីរនោះ គឺមានបួនខែដែលជាខែដែលអល់ឡោះបានដាក់បម្រាមមិនឲ្យធ្វើសង្គ្រាមនៅក្នុងវានោះឡើយ ក្នុងនោះមានបីខែដែលនៅបន្តបន្ទាប់គ្នា(គឺខែហ្ស៊ុលក៏អ៊ីហ្ទះ ខែហ្ស៊ុលហ៊ិជ្ជះ និងខែមូហារ៉ម) និងមួយខែទៀតដែលនៅដាច់តែឯង (នោះគឺខែរ៉ហ្ជប់)។ ចំនួនខែក្នុងមួយឆ្នាំ និងការដាក់បម្រាមចំនួនបួនខែនៅក្នុងវាដែលបានលើកឡើងនោះ វានោះហើយគឺជាសាសនាដ៏ត្រឹមត្រូវ។ ហេតុនេះ ចូរពួកអ្នកកុំបំពានខ្លួនឯងនៅក្នុងបណ្តាខែបម្រាមទាំងនោះ តាមរយៈការធ្វើសង្គ្រាមនៅក្នុងវា ហើយធ្វើឲ្យខូចនូវបម្រាមរបស់វាឲ្យសោះ។ ហើយចូរពួកអ្នកប្រយុទ្ធនឹងពួកមុស្ហរីគីនដូចដែលពួកគេបានប្រយុទ្ធនឹងពួកអ្នករាល់គ្នាដែរ។ ហើយចូរពួកអ្នកដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលកោតខ្លាចទ្រង់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីបម្រាមទាំងឡាយណាដែលទ្រង់បានហាមឃាត់ តាមរយៈការជួយ និងការពង្រឹង(ឲ្យមានជំហរឹងប៉ឹង)។ ហើយជនណាដែលអល់ឡោះនៅជាមូយគេនោះ ពិតប្រាកដណាស់ គ្មាននរណាម្នាក់អាចយកឈ្នះគេបានឡើយ។