Khmer Abridged Explanation of the Quran
9:37 - 9:37

ជាការពិតណាស់ ការពន្យារ(លើកខែ)ខែបម្រាមទៅកាន់ខែផ្សេងដែលមិនមែនជាខែបម្រាម ហើយយកខែផ្សេងដែលមិនមែនជាខែបម្រាមមកធ្វើជាខែបម្រាម(ដូចដែលពួកអារ៉ាប់សម័យអវិជ្ជាបានធ្វើ)បែបនេះ គឺជាការបន្ថែមនូវភាពគ្មានជំនឿរបស់ពួកគេចំពោះអល់ឡោះថែមទៀត ដោយសារតែពួកគេប្រឆាំងនឹងច្បាប់របស់អល់ឡោះក្នុងខែបម្រាម។ ហើយដោយសារការពន្យារ(លើកខែ)នេះ ស្ហៃតនបានធ្វើឲ្យពួកដែលប្រឆាំងនឹងអល់ឡោះវង្វេង ខណៈដែលវាបានបង្កើតនូវមាគ៌ានេះដល់ពួកគេ ដែលជាមាគ៌ាដ៏អាក្រក់ ដោយពួកគេបានអនុញ្ញាត(ឲ្យប្រយុទ្ធ)ក្នុងខែបម្រាមមួយឆ្នាំដោយជំនួសមកវិញនូវខែផ្សេងដែលមិនមែនជាខែបម្រាម ឬក៏ពួកគេរក្សាទុកការបម្រាមនេះដដែលទៅមួយឆ្នាំទៀត(នៅឆ្នាំបន្ទាប់)ដើម្បីឲ្យស្របនឹងចំនួនខែបម្រាមដែលអល់ឡោះទ្រង់បានដាក់បម្រាម(មិនឲ្យប្រយុទ្ធនោះ) បើទោះបីជាពួកគេធ្វើខុសពីខែដែលអល់ឡោះបានកំណត់នោះក៏ដោយ។ ដូច្នេះ ក្នុងខែបម្រាមណាដែលពួកគេអនុញ្ញាត(ឲ្យប្រយុទ្ធ) ពួកគេនឹងជំនួសកន្លែងរបស់វាដោយខែផ្សេង(ដែលមិនមែនជាខែបម្រាម)វិញ។ ដូចនេះ ពួកគេបានអនុញ្ញាតនូវអ្វីដែលអល់ឡោះបានហាមឃាត់ពាក់ព័ន្ធនឹងខែបម្រាមនោះ និងបានធ្វើផ្ទុយពីច្បាប់របស់វា។ ស្ហៃតនបានតុបតែងលម្អសម្រាប់ពួកគេនូវអំពើអាក្រក់នានា ហើយពួកគេក៏បានប្រព្រឹត្តនូវទង្វើនោះ ហើយក្នុងចំណោមនោះ គឺការដែលពួកគេបានបង្កើតឲ្យមាននូវការលើកខែនេះ។ ហើយអល់ឡោះមិនចង្អុលបង្ហាញចំពោះពួកដែលប្រឆាំងដែលនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេនោះឡើយ។